Covid-19

ក្រសួងសុខាភិបាល ប្រកាសផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម សម្រាប់អ្នកចាក់លើកទី១

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm, Beijing Institute of Biological Products) សម្រាប់អ្នកចាក់លើកទី១ ដោយសារចំនួនមានកំណត់ ហើយក្រសួងមានភាពចាំបាច់ ត្រូវរក្សាទុកសម្រាប់ចាក់លើកទី២។

ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា « ដោយសារ បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយ ពីសាធារណរដ្ឋប្រជាមានិតចិន មានចំនួនកំណត់ ហើយក្រសួងមានភាពចាំបាច់ ដែលត្រូវរក្សាទុកនូវវ៉ាក់សាំងក្នុងចំនួន សម្រាប់ការចាក់លើកទី២ (ដូសទី២) ជូនដល់ក្រុមមនុស្សមួយចំនួន ដែលពួកគាត់បានចាក់លើកទី១ រួចហើយនោះ ក្រសួងសុខាភិបាល សូមប្រកាសផ្អាកជាបណ្ដោះអាសន្ន នូវការចាក់វ៉ាក់សាំងស៊ីណូហ្វាមសម្រាប់អ្នក ដែលចាក់លើកទី១ (ដូសទី១) តែនៅបន្ដដំណើរការចាក់វ៉ាក់សាំងនេះ ជាធម្មតាសម្រាប់បុគ្គល ដែលត្រូវចាក់លើកទី២ ចាប់ពីថ្ងៃជូនព័ត៌មាននេះតទៅ»។

ក្រសួងបន្តថា សម្រាប់ប្រជាពលរដ្ឋ នៅក្នុងក្រុមអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងស៊ីណូហ្វាម លើកទី២ ត្រូវអញ្ជើញមកកាន់ទីតាំងកន្លែង ដែលខ្លួនបានចាក់លើកទី១ ហើយសូមរក្សាសណ្តាប់ធ្នាប់ល្អ គោរពអនុវត្តន៍ទៅតាមការចាត់ចែង ដោយគណៈគ្រប់គ្រងមន្ទីរពេទ្យរដ្ឋ នៅតាមទីតាំងនោះ សូមមេត្តាកុំប្រជ្រៀតគ្នា ដែលធ្វើឱ្យមានការកកស្ទះមនុស្សនៅកន្លែងចាក់ ដោយមិនសមស្របតាមវិធានការ ការពារការចម្លងវីរុសកូវីដ-១៩៕

To Top