ភ្នំពេញ៖ ប្រតិបត្តិការ នៃការបង្ក្រាបទីតាំង លួចបើកខារ៉ាអូខេ និងបា៣កន្លែង ដែលផ្គើននឹងការណែនាំ របស់រាជរដ្ឋាភិបាល កាលពីយប់កណ្តាលអាធ្រាត្រថ្ងៃទី១០ មីនា ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ប្រុសស្រី ចំនួន ៥៧នាក់ បញ្ជូនទៅកាន់ស្នងការ នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ក្នុងនោះមេការៗ ត្រូវប្រឈមនឹងទោសទណ្ឌ ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១១ មីនា បានបញ្ជាក់ថា អនុវត្តទៅតាមការណែនាំ របស់លោកឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បុរស និងនារីទាំង៥៧នាក់ ត្រូវបានបញ្ជូន ទៅកាន់ស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ។
លោក ហួត ហៃ បញ្ជាក់ថា “ក្នុងចំនួន៥៧នាក់នេះ យើងបានឃាត់ខ្លួន នៅភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋាន អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលជាហាងលួចលាក់បើកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន៣៥នាក់ មេការចំនួន៣នាក់ និងទី៣នៅបាបារំាងមួយទីតាំង ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ” ។
លោកបញ្ជាក់បន្ថែមថា “កម្លាំងមានសមត្ថកិច្ច បានធ្វើការសាកសួរ និងធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ហើយក៏បានរកឃើញមានពាក់ព័ន្ធ នឹងគ្រឿងញៀនមួយចំនួនផងដែរ ។ ចំពោះអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន កម្លាំងមានសមត្ថកិច្ច នឹងបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន ។ ចំពោះនារីបម្រើ នៅក្នុងខារ៉ាអូខេ ធ្វើកិច្ចសន្យាអប់រំ មុនត្រឡប់ទៅផ្ទះវិញ នឹងតម្រូវឱ្យធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ”។
លោកអភិបាលរងបានសង្កត់ធ្ងន់ថា “ដោយឡែកចំពោះមេការទាំង៦នាក់ សមត្ថកិច្ចនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការរាជធានីភ្នំពេញ ដើម្បីអនុវត្តទោស ទៅតាមច្បាប់” ។
លោកហួត ហៃ បានបញ្ជាក់ដែរថា តាមការណែនាំ របស់លោកអភិបាលភ្នំពេញ គឺបានដាក់បញ្ជា ឱ្យខណ្ឌទាំង១៤ ពង្រឹងឡើងវិញធ្វើយ៉ាងណា ទប់ស្កាត់ឲ្យបាន នូវការលួចបើកខារ៉ាអូខេ បំពានទៅនឹងការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈនេះ ៕