ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជូនជាដំណោះស្រាយចំនួន៣ចំណុច ជូនដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ ឲ្យមានប្រសិទ្ធភាពទ្វេដង។
ដំណោះស្រាយ៣ចំណុចដែល លោក ពេជ្រ ស្រស់ ផ្ដល់ជូនរាជរដ្ឋាភិបាល រួមមាន ស្នើធនាគារឯកជន ឲ្យបន្ធូរបន្ថយដល់កូនបំណុល ថ្លៃទឹកភ្លើងរដ្ឋគួរឲ្យពលរដ្ឋជំពាក់70% និងទប់ស្កាត់ កុំឲ្យទំនិញគ្រប់ប្រភេទឡើងថ្លៃ។
លោក ពេជ្រ ស្រស់ បានសរសេរលើគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១២ មីនា ឆ្នាំ ២០២១ថា «ដើម្បីទប់ស្កាត់ការរីករាលដាល នូវមេរោគកូវីឌ19 ឲ្យមានប្រសិទ្ធភាពទ្វេរដង គឺត្រូវការសហចូលរួម
1.រដ្ឋាភិបាលត្រូវចរចាជាមួយធនាគារជាតិ ដើម្បីស្នើដល់ធនាគារឯកជន ឲ្យបន្ធូរបន្ថយដល់កូនបំណុល ក្នុងការពន្យាពេលនៃការសងបំណុល ហើយវិធីសាស្រ្តនៃការបន្ធូរបន្ថយនោះ គឺពុំគួរតម្លើងថ្លៃការប្រាក់ត្រួតគ្នាឡើយ ហើយម្យ៉ាងវិញទៀតធនាគារ គួរកុំប្រើនូវវិធីរឹបអូសទ្រព្យបញ្ចាំ ពីកូនបំណុលឡើយ ក្នុងកាលៈទេសៈនេះ
2.ថ្លៃទឹកភ្លើងរដ្ឋគួរឲ្យពលរដ្ឋជំពាក់70% នៃចំនួនទឹកប្រាក់ ដែលបានប្រើប្រាស់ ដើម្បីសង្រ្គោះជីវភាពរបស់បងប្អូន ដែលកំពុងរងផលប៉ះពាល់
3.រដ្ឋាភិបាល គឺត្រូវមានវិធានការទប់ស្កាត់កុំឲ្យទំនិញគ្រប់ប្រភេទឡើងថ្លៃហួសហេតុពេក»។
ប្រធានគណបក្សយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា «បើសិនអាចដោះស្រាយបាន 3ចំណុច ខាងលើបាន គឺ ការទប់ស្កាត់ នៃការរីករាលដាលមេរោគ COVID – 19 នឹងមានប្រសិទ្ធភាពខ្ពស់ ពីព្រោះពលរដ្ឋនឹងមិនចេញក្រៅផ្ទះ ក្នុងមួយរយៈពេលខ្លី ដើម្បីឲ្យរលកCOVID-19 ថ្ងៃ20 កុម្ភៈស្ងប់សិន ប៉ុន្តែ បើសិនជាដោះស្រាយ 3 ចំណុច ខាងលើមិនបានទេនោះ គឺ ប្រជាពលរដ្ឋនឹងរងទុក្ខផ្ទួនៗតែម្តងហើយ3ចំណុចខាងលើ ដែលខ្ញុំសរសេរមកនេះ គឺខ្ញុំឮការត្អូញត្អែរបស់ប្រជាពលរដ្ឋគ្រប់ទិសទី និងឃើញភាពជាក់ស្តែង ដែលកើតឡើង ដូច្នេះការសង្រ្គោះពលរដ្ឋ គឺ ត្រូវសង្រ្គោះទាំងជីវិត និងជីវភាពរបស់ពួកគាត់ »។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕