ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រោងចក្រនិងទីផ្សារ មិនប្រកាសបិទនោះទេ ព្រោះ មិនទាន់មានហានិភ័យ ប៉ុន្ដែត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ចំពោះជំងឺកូវីដ-១៩ ។
តាមរយៈសារសំឡេង នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រ និងទីផ្សារ ត្រូវអនុវត្តតាមក្រសួងសុខាភិបាល ដូចជា មានកន្លែងវាស់កម្ដៅ លាងដៃ ត្រូវរក្សាគម្លាត ជាដេីម។
សម្ដេចតេជោ មានប្រសាសន៍ថា «សម្រាប់ទីផ្សារ និងរោងចក្រយេីងមិនប្រកាសបិទនោះទេ ព្រោះមិនទាន់មានហានិភ័យទៅដល់កន្លែងនោះទេ តែសូមបង្កេីនឲ្យមានការប្រុងប្រយ័ត្នជាបណ្ដាលការពារតាមរោងចក្រ ទាក់ទងទៅនឹងការវាស់កម្ដៅ អាកុលលាងដៃ និងការតាមដានសុខមាភាពរបស់កម្មករជាប្រចាំ»។
សម្ដេចតេជោ បន្ដថា នៅទីផ្សារវិញត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងពិនិត្យទៅលេីស្ថានភាពដែលបាននិងកំពុងកេីត ជាពិសេសនោះ ត្រូវពិនិត្យ អ្នកលក់និងអ្នកទិញផងដែរ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់៕