ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរការ ចាក់វ៉ាក់សាំង ជូនព្រះសង្ឃ និងមន្ត្រីរាជការ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ព្រះសង្ឃ និងមន្ត្រីរាជការ មន្ទីរ អង្គភាព នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ។

ក្នុងការអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខនោះ លោកអភិបាលខេត្ត បានអំពាវនាវ ជាសារ ជូនដល់ប្រជាពលរដ្ឋ សូមឱ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់មន្ត្រីសុខាភិបាល និងត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងអនុវត្ត នូវវិធានការការពារទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឱ្យជៀសផុតពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ។

សូមជំរាបថា ចំពោះការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ០៩ទីតាំង គឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន, មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ, មន្ទីរពេទ្យបង្អែកស្រុកកងមាស, មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ, មន្ទីរពេទ្យបង្អែកស្រុកបាធាយ, មន្ទីរពេទ្យបង្អែកស្រុកចំការលើ, មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់, និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ។

គួររំលឹកផងដែរថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦៤៧នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និងម្នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ ពេលកំពុងទទួលការព្យាបាល៕

To Top