ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា សភាប្រជាជនចិន បានបើកសម័យប្រជុំពេញអង្គប្រចាំឆ្នាំ និងបានសន្យាថា ប្រទេសនេះនឹងដណ្តើមយក កៅអីមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ១ នៅលើពិភពលោកពីសហរដ្ឋអាមេរិកអោយបាននៅឆ្នាំ២០២៨ ឬយ៉ាងយូរបំផុតនៅឆ្នាំ២០៣៥ខាងមុខ ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និយាយថា ការសន្យារបស់សភាប្រជាជនចិន ក្នុងការដណ្តើមយកកៅមហាអំណាចសេដ្ឋកិច្ច ពីសហរដ្ឋអាមេរិក គឺជាការសន្យាអាចធ្វើទៅបានដោយសារ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ។
កាលពីឆ្នាំ២០២០កន្លងទៅ ខណៈដែលពិភពលោកជួបប្រទះនូវវិបត្តិកូវីដ-១៩ ចិនជាប្រទេសមានឧស្សាហកម្មជឿនលឿនតែមួយគត់នៅលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាន ដោយកំណើនសេដ្ឋកិច្ចចិន បានកើនឡើង២,៦% ខណៈដែលកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះក្រោមសូន្យ ។
អ្នកជំនាញដដែលបានបន្តថា នៅឆ្នាំ២០២១នេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នឹងកើនឡើងពី៦,៩%ទៅលើ៧% ដែលជាកំណើនខ្ពស់បំផុត ខណៈដែលកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដេលជាមហាអំណាចលេខ១ នៅមានភាពមិនច្បាស់លាស់ដែលងើបផុតពីអត្រាលើ០%នៅឡើយ ។
ចំពោះការចំណាយថវិកាលើវិស័យការពារជាតិវិញ នៅឆ្នាំ២០២១នេះ ប្រទេសចិនគ្រោងនឹងបង្កើនការចំណាយរហូតដល់៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ១,៣៦សែនកោដិយ័ន ប្រហាក់ប្រហែលនឹងទឹកប្រាក់ប្រមាណ២១០,១៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
ចិន គឺជាប្រទេសដែលរលាស់ខ្លួន រួចពីផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលវីឬុសCovid-19 ចាប់តាំងពីដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ខណៈដែលសហរដ្ឋអាមេរិក កំពុងផុងខ្លួនក្នុងវិបត្តិវីរុសCovid-19នេះ ។
វីរុសCovid-19 ក៏កំពុងផ្តល់ឱកាសល្អអោយប្រទេសចិនផងដែរ ក្នុងការដណ្តើមឥទ្ធិពល ពីសហរដ្ឋអាមេរិកក្នុងភូមិសាស្ត្រនយោបាយ ដោយចិនព្យាយាមអូសទាញប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការអោយប្រយោជន៍ដូចជាវ៉ាក់សាំងជាដើម ។
វីរុសCovid-19បានធ្វើអោយប៉ះពាល់គ្រប់វិស័យនៅទូទាំងពិភពលោក រួមទាំងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ ទាំងវិស័យនយោបាយ ការទូត ពាណិជ្ជកម្ម ការដឹកជញ្ជូន ទេសចរណ៍ កំណើនសេដ្ឋកិច្ច រួមទាំងវិស័យយោធាផងដែរ ។
ផលប៉ះពាល់ដូចខាងលើ បានបង្វែរគោលដៅរបស់ប្រមុខដឹកនាំនៃប្រទេសនីមួយៗក្នុងតំបន់ និងនៅទូទាំងពិភពលោក អោយបែរមកគិតពីប្រយោជន៍ប្រទេសខ្លួនវិញ និងអោយតម្លៃខ្ពស់ទៅលើជំនួយនានា ជាពិសេសជំនួយពាក់ព័ន្ធនឹងវីរុសCovid-19 ។
បែបនេះហើយ ទើបធ្វើអោយសហរដ្ឋអាមេរិកបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងគម្រោងពង្រីក និងពង្រឹងឥទ្ធិពលរបស់ខ្លួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងគោលដៅទប់ទល់ជាមួយឥទ្ធិពលគ្រប់យ៉ាងរបស់ប្រទេសចិននៅក្នុងតំបន់ ។
រួមផ្សំគ្នានឹងគោលនយោបាយ គិតប្រយោជន៍អាមេរិកជាធំ (America First) របស់លោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានរុញច្រានអោយប្រទេសមួយចំនួន ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បែរខ្នងដាក់អាមេរិកបណ្តើរៗ និងបាត់បង់ជំនឿលើប្រទេសមហាអំណាចមួយនេះ ។
ទោះបីជាបែបនេះក៏ដោយ ក៏ប្រភពពីរដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានបង្ហើបអោយដឹងថា លោកនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះYoshihide Suga មានបំណងធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅដើមខែមេសាខាងមុខនេះ ដើម្បីជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន អំពីការធានាអោយមានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ។
សូមរំលឹកជូនថា ចាប់តាំងពីចុងឆ្នាំ២០២០កន្លងទៅក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោតនៅសហរដ្ឋអាមេរិក ទាំងលោក Yoshihide Suga និងលោក ចូ បៃដិន បានសន្យាថា បើលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក មេដឹកនាំទាំងពីរនឹងជួបពិភាក្សាគ្នាដោយផ្ទាល់អោយបានឆាប់បំផុតដែលអាចធ្វើទៅបាន ។
ដើមចមនាំអោយកើតរឿង
លោក Nicolas Asfouri អ្នកជំនាញកិច្ចការអាស៊ីរបស់ប្រទេសបារាំង បាននិយាយថាដើមចមដែលនាំអោយប្រទេសចិនប្រកាសដោយចំហពីគម្រោងដណ្តើមយកកៅអីមហាអំណាចសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក គឺដោយផ្អែកលើហេតុផល២ដែលចិនអាចធ្វើបាន ។
ហេតុផលទី១ គឺមហិច្ឆិតារបស់ប្រទេសចិនក្នុងការក្តោបក្តាប់យកបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីទាំងមូល (Asian power’s ambition)ដែលជាតំបន់កំពុងមានកំណើនសេដ្ឋកិច្ចលូតលាស់ខ្លាំង និងជាតំបន់រួមជាមួយប្រទេសចិន ។
ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងផ្នែក ការទូត នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមទាំងបង្កើនឥទ្ធិពលខាងយោធាផងដែរ ក្នុងបំណងកាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងតំបន់ ។
ហេតុផលទី២ ក្នុងរយៈពេលដូចគ្នានេះ សហរដ្ឋអាមេរិកហាក់ដូចជាឃ្លាតឆ្ងាយបន្តិចពីតំបន់អាស៊ី ដោយសារតំបន់នេះមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំយឺតយ៉ាវ ដោយអាមេរិកបានផ្តោតអារម្មណ៍ទៅលើតំបន់អឺរ៉ុប ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ខ្លាំង ។
តែក្នុងរយៈពេលជិត១ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចនៅបណ្តាប្រទេសក្នុងតំបន់អាស៊ី មានការលូតលាស់ខ្លាំង និងនាំមុខដោយប្រទេសចិន រួមផ្សំនឹងគោលនយោបាយរុញច្រានកំណើនសេដ្ឋកិច្ចថ្មីៗរបស់ប្រទេសចិន ហើយដល់ឆ្នាំ២០២១នេះហើយ ទើបសហរដ្ឋអាមេរិកបានងាកមកគិតគូរពីតំបន់អាស៊ីវិញ ប៉ុន្តែស្ទើរតែហួសពេលទៅហើយ ៕
អ៊ី ជិន