ព័ត៌មានជាតិ

កូរ៉េផ្ដល់ហិរញ្ញប្បទានឥតសំណង ១០លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីន រយៈពេល៥ឆ្នាំនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េ ផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន១០លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ដល់២០២៥ ។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រៀងត្រីភាគី តាមប្រព័ន្ធវិដេអូលើការ ប្រគល់-ទទួល ហិរញ្ញប្បទានឥតសំណង ចំនួន១០ លានដុល្លារ របស់សាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក លី ធុជ បានថ្លែងអំណរគុណចំពោះ កូរ៉េ និងប្រជាជនកូរ៉េ ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ សាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា (KOICA) សំដៅចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយផលប៉ះពាល់ ដោយសារមីន ដែលបង្ក គ្រោះថ្នាក់ធ្វើឲ្យប្រជាពលរដ្ឋ របួស ពិការ និង បាត់បង់ជីវិត ខូចខាតទ្រព្យសម្បត្តិ និងរាំងស្ទះ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

លោកក៏បានសម្តែងនូវការដឹងគុណ ដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍនានា ដែលបាន គាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យ «កម្ពុជាមួយដែលគ្មានមីន ឆ្នាំ២០២៥»។

នាឱកាសនោះ លោក Nick Beresford អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានថ្លែងថា សាធារណរដ្ឋកូរ៉េ ជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ហើយពេលនេះ បានបន្តសហការជាមួយកម្ពុជា ដោយ ផ្តល់ថវិកាដល់គម្រោងបោសសម្អាតមីន ដើម្បីសង្គ្រោះជីវិត ការពារ និងគាំទ្រដល់ការរីកចម្រើន នៃសហគមន៍ដែលរងផលប៉ះពាល់។

លោក សម្តែងការអបអរសាទរ ចំពោះ អាជ្ញាធរមីន ដែលបានអនុវត្ត ដោយជោគជ័យនូវ គម្រោងបោសសម្អាតមីន តាមរយៈភាពជាដៃគូជាមួយ UNDP ក្នុងរយៈពេល ជាង១៥ឆ្នាំ កន្លងមក។

ដោយឡែក លោក Rho Hyunjun នាយកប្រចាំប្រទេស នៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (KOICA) នៅកម្ពុជា បានបញ្ជាក់ថា នេះជាឆ្នាំដ៏មានអត្ថន័យសម្រាប់សាធារណរដ្ឋកូរ៉េ ដែលជាម្ចាស់ជំនួយថ្មីមួយ ក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា ក្នុងការចូលរួមបង្កើនការរំដោះផ្ទៃដី ដើម្បីផ្តល់សុវត្ថិភាព ជូនប្រជាជនកម្ពុជា និង ប្រើប្រាស់សម្រាប់ការ អភិវឌ្ឍ។

លោកនាយកប្រចាំប្រទេស បានលើកឡើងថា ហិរញ្ញប្បទានឥតសំណងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល សាធារណៈកូរ៉េ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ស្របតាមយុទ្ធសាស្រ្ត ចតុកោណ និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

សូមបញ្ជាក់ថា អាជ្ញាធរមីន កំពុងអនុវត្តគម្រោង បោសសម្អាតមីនដំណាក់កាលទី៤ ពីឆ្នាំ២០២០ ដល់ ២០២៥ ដែលមានថវិកាសរុប ចំនួន២០លានដុល្លារ ពីប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ ក្នុងកម្មវិធីអភិវឌ្ឍន៍របស់ អង្គការសហប្រជាជាតិ សាធារណៈរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

ជាងនេះទៅទៀត គម្រោងបោសសម្អាតមីនដំណាក់កាលទី៤ បានផ្តោតជាសំខាន់ ទៅលើសកម្មភាព ចំនួន៣ រួមមាន ៖,ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ,ទី២-គាំទ្រសកម្មភាពកិច្ច សង្គ្រោះជនពិការ ការអប់រំយល់ដឹង អំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹង សមត្ថភាពថ្នាក់ជាតិ៕

To Top