ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ហើយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។
យោងតាមសេចក្ដីណែនាំរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពី ការបង្កើនប្រសិទ្ធភាពរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរ ណ៍ផ្លូវគោកឆ្នាំ២០២១ ចេញផ្សាយនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើការណែនាំឲ្យ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវផ្អែកលើបទពិសោធន៍ល្អៗ ដែលសម្រេចបានក្នុងឆ្នាំ២០២០ នៅតាមភូមិសា ស្រ្តរាជធានី-ខេត្ត ដោយធ្វើការកំណត់ឱ្យបានច្បាស់អំពីគោលដៅ មុខសញ្ញា មូលហេតុ និងពេលវេលា បង្កគ្រោះថ្នាក់ ឬការប្រព្រឹត្តអំពើល្មើសច្បាប់ ដើម្បីពង្រឹងវិធានការ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
នាយឧត្តមសេនីយ៍ បញ្ជាក់យ៉ាងដូច្នេះថា «ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួន ដោយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។ ទន្ទឹមនេះត្រូវ បញ្ចូលទិន្និន័យជនបង្កគ្រោះថ្នាក់ទាំងនេះ ក្នុងប្រព័ន្ធគ្រប់គ្រងតាមបែបបច្ចេកវិទ្យាទំនើប និងផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋ និងឯកជន ដែលពាក់ព័ន្ធ»។
ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្ដាំផ្ញើឲ្យ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ត្រូវបង្កើនកា អប់រំជាប្រចាំដល់មន្ត្រីនគរបាលក្រោមឱវាទ បំពាក់ជាប់នូវជំហរស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ក្នុងការ បំពេញភារកិច្ច។ ជាមួយនេះ ត្រូវតាមដានជាប្រចាំនូវប្រតិកម្មសាធារណមតិក្នុងបណ្តាញសង្គម ដើម្បីបំភ្លឺដោះស្រាយ សំណូមពរ ឆ្លើយតបចំពោះព័ត៌មានមិនពិត និងចាត់តាំងធ្វើការត្រួតពិនិត្យជាប្រចាំ សំដៅទប់ស្កាត់ទាន់ពេលនូវបាតុ ភាពអសកម្ម។
សូមរំលឹកថា កាលពីឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាង៣១៧៩លើក ខណៈកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៤១២១លើក។ដូច្នេះ កាលពីឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ ចំនួន៩៤២លើក ស្មើនឹង២៣ភាគរយ៕