ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ស្នើសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ លើជនទុច្ចរិតចាក់ដី រំលោភចូលសមុទ្រ

ភ្នំពេញ៖ បន្ទាប់ពីមាន ករណីជនឆ្លៀតឱកាស លួចចាក់ដីចូលក្នុងសមុទ្រ នៅចំណុចទីតាំងមុខ ក្រុមហ៊ុនកម្ពុជាតេលា ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជកម្ពុជា បានសម្ដែង ការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង លើជនទុច្ចរិតនិងបក្ខពួក ដែលចាក់ដីរំលោភចូលសមុទ្រ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២១នេះថា «អ្វីដែលខ្ញុំព្រួយបារម្ភនោះ នៅពេលប្រទេសកំពុង ច្របូកច្របល់ គឺតែងតែលេចកញ្ច្រោង ដើរលេបទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋស្លូតត្រង់ ដូចក្នុងករណីនេះអញ្ចឹងដែរ ដោយមានកញ្ជ្រោង កំពុងលេបចំណី ឆ្នេរសមុទ្រនៅឯទឹកដី ខេត្តព្រះសីហនុ ក្នុងន័យនេះដែរគឺខ្ញុំសូមស្នើដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មការ គ្រប់គ្រងឆ្នេរសមុទ្រ សុំអនុវត្តច្បាប់ឲ្យបានតឹងរឹង លើពពួកកញ្ជ្រោង ( ជនទុច្ចរិត) ដោយកុំសម្រប សម្រួលណាមួយឲ្យសោះ ជៀសវាងអំពើ ដដែលកើតឡើងទៀត» ។

ប្រធានគណបក្សយុវជនកម្ពុជា បានសង្កត់ធ្ងន់ថា«ច្បាប់ចាប់ពួកខូច ហើយច្បាប់ ក៏គ្មានការសម្របសម្រួលដែរ បើសិនជាមាន ការសម្របសម្រួលណាមួយ គឺថាអ្នកកាន់ច្បាប់នោះ បាននឹងកំពុង តែចូលដៃគ្នា ជាមួយពពួកកញ្ជ្រោង(ជនទុច្ចរិត) ដោយមិនអាចប្រកែកបានឡើយ » ៕

To Top