ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលយកអំណោយ និងថវិកាមួយចំនួន ពីលោក សោម សុធា អគ្គនាយកគម្រោង អចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីគាំទ្រ ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីត-១៩ ។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណ ដល់លោកអគ្គនាយក គម្រោងអចលនទ្រព្យភូមិមរតក ដែលបានចូលរួមបរិច្ចាគ នូវអំណោយ និងថវិកា ផ្តល់ឱ្យរដ្ឋបាលខេត្តស្វាយរៀង សម្រាប់គាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការចែករំលែក ក្នុងសង្គមទៅលើការ ជួយគ្នាក្នុងគ្រាលំបាក។
លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទ នៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងសហគមន៍ នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
អំណោយទាំងនោះរួមមាន៖ ម៉ាស ១៥កេស ស្មើនឹង៣៧,៥០០ម៉ាស់, អាល់កុល ៨កាន និងថវិកា មួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំង ជំងឺកូវីដ១៩ ខេត្តស្វាយរៀង៕