ព័ត៌មានជាតិ

លោក ហ្វា សាលី នឹងចូលខ្លួន តាមដីកាកោះ ដោយសង្ឃឹមថា តុលាការខេត្តកំពង់ឆ្នាំង នឹងលើកលែងការ ចោទប្រកាន់ ពីបទញុះញង់ ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍

ភ្នំពេញ ៖ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្រកាស ចូលខ្លួនបំភ្លឺតាម ដីកាកោះរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមីនា ខាងមុខ ដោយសង្ឃឹមថាលោកអ៊ិត សុធា ព្រះរាជអាជ្ញា នឹងលើកលែងការចោទ ប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ ការចោទប្រកាន់ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍នេះត្រូវបាន លោក ហ្វា សាលី ចាត់ទុកថាជារឿងអយុត្តិធម៌បំផុត និងគ្មានការពិត ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា “ខ្ញុំនឹងចូលខ្លួនតាម ដីកាកោះរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបួងខេត្តកំពង់ឆ្នាំង ដែលទើបទទួលបាននាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នេះ ។ ហើយខ្ញុំសង្ឃឹមថា ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា សាលាដំបូងនឹងពិនិត្យ ពិចារណាលើការបំភ្លឺរបស់ខ្ញុំ នឹងលើកលែងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរបែបនេះ ដែលជារឿងអយុត្តិធម៌បំផុត និងគ្មានការពិត ។ តើការចោទប្រកាន់ពីបទញុះញុង ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នោះ ជាអ្វី ? ខ្ញុំធ្វើអ្វីខុស ខ្ញុំទៅដើរប្រកាសឲ្យបរទេសផ្តាច់ ជំនួយឬ? ខ្ញុំមានបានទៅញុះញុង ឲ្យកម្មករធ្វេីបាតុកម្មកន្លែងមួយហើយឬនៅ? តើខ្ញុំបានអំពាវនាវឲ្យសហគមអឺរ៉ុបផ្តាច់ EBA ពីកម្ពុជាឬ” ។

លោក ហ្វា សាលី បានឲ្យដឹងបន្តថា លោកមានតែអង្វរសុំកុំឲ្យកម្មករធ្វើបាតុកម្ម ឬកូដកម្ម ខ្លាចកូវីដ ឬខ្លាចបាត់បង់ការងារធ្វើ នឹងស្នើសុំឲ្យដោះស្រាយតាមសន្តិវិធី ព្រមទាំងអង្វរស្នើដល់សហគមន៍អឺរ៉ុបកុំឲ្យផ្តាច់EBAពីកម្ពុជា និងស្នើសុំកុំឲ្យកម្មករស្តាប់តាមការការញុះ
ញង់របស់ជនឱកាសនិយម រឿងថ្លៃស្នាក់នៅទឹកភ្លើង ជាដើម ។

បន្ថែមពីនេះ លោក ហ្វា សាលីបានបញ្ជាក់ថា “ដូចនេះខ្ញុំស្នើដល់ព្រះរាជអាជ្ញាថា មុននឹងចោទខ្ញុំនៅបទល្មើសនេះ គួរតែពិនិត្យនូវអង្គហេតុ ឬបទល្មើសជាក់ស្តែង ជាមុនសិនតើវាគួរចោទបទនេះ ឬយ៉ាងណា? ខ្ញុំយល់ថាព្រះរាជអាជ្ញាមានឆន្ទានុសិទ្ធិគ្រប់គ្រាន់ ក្នុងការបំពេញការងារនេះ តែកុំឲ្យសទៅជាខ្មៅ ឬមជ្ឈដ្ឋានទូទៅ ឬអង្គការជាតិ និងអន្តរជាតិ គេមើលមកក្នុងផ្លូវមិនល្អ មិនគោរពសិទ្ធិមនុស្ស សិទ្ធិក្នុងការបញ្ចេញមតិ ឬធ្វើអ្វីតាមការនឹកឃើញ ហេីយអ្នកដែលរងសម្ពាធ នោះគឺ ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទៅវិញ ដែលគាត់មិនបានដឹងអ្វីសោះ “

To Top