ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើត គណបក្សកែទម្រង់កម្ពុជា តែផ្លាស់ប្ដូរពាក្យ «សង្គ្រោះ បំរើ ការពារ» ដោយសារដូច បាវចនាគណបក្ស ដែលត្រូវរំលាយ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាត ឲ្យបង្កើត គណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ទន្ទឹមនេះ ផ្អែកតាមបញ្ញត្តិ មាត្រា១១ថ្មី នៃច្បាប់ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិក គណបក្សធ្វើការផ្លាស់ប្តូរពាក្យ សង្គ្រោះ បំរើ ការពារ ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារ ពាក្យនេះដូចគ្នានឹងប៉ាវចនារបស់គណបក្សនយោបាយ ដែលត្រូវបានរំលាយ ដោយសាលដីកាតុលាការកំពូល»។

ក្រសួងបន្ដថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ គណបក្សកែទម្រង់កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថា ខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំង ផ្លាស់ប្តូរពាក្យដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដូចដែលបានណែនាំខាងលើ៕

To Top