ភ្នំពេញ៖ ភាគីសមាជិកសមាគមវារីវប្បករនៅកម្ពុជា បានលើកសំណើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីស្វែងរកវិធានការដោះស្រាយបន្ទាន់ ទៅលើបញ្ហាធ្លាក់ថ្លៃនៃត្រី ព្រមទាំងជាមួយបញ្ហាជាប់គាំងដែលត្រីភាគច្រើនផលិតបានក្នុងស្រុកពីខែមករាដល់ខែមីនានេះ គឺមិនទាន់មានការចាប់អារម្មណ៍ពីឈ្មួញកណ្ដាលនៅឡើយ។
សមាគមវារីវប្បករលើកសំណើបែបនេះក្នុងឱកាសបើកកិច្ចប្រជុំបន្ទាន់ពីចម្ងាយ តាមរយៈកម្មវិធី ZOOM មានការអញ្ចើញចូលរួមពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារ អេ អ ឌី ប៊ី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលដឹកនាំដោយ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមវារីវប្បករនៅកម្ពុជា ព្រមជាមួយសមាជិកសមាគម និងអ្នកពាក់ព័ន្ធមួយចំនួន។
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-17_09-48-10.jpg)
តាមស្មារតីនៃកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធទាំងអស់ មានគោលបំណងស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឲ្យតម្លៃត្រីធ្លាក់ថ្លៃ និងស្វែងរកធាតុចូល ព្រមជាមួយដំណោះស្រាយ ជាក់លាក់លើបញ្ហាធ្លាក់ថ្លៃ នៃផលវារីវប្បកម្មនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-17_09-48-15.jpg)
តាមរយៈកិច្ចប្រជុំបន្ទាន់នេះ ភាគីសមាជិកសមាគមវារីវប្បករនៅកម្ពុជា បានលើកសំណើសុំរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ជាពិសេសគឺក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីស្វែងរកវិធានការដោះស្រាយបន្ទាន់ ទៅលើបញ្ហាធ្លាក់ថ្លៃនៃត្រីនេះ ព្រមជាមួយបញ្ហាជាប់គាំងដែលត្រីភាគច្រើន ដែលផលិតបានក្នុងស្រុកពីខែមករាដល់ខែមីនានេះ គឺមិនទាន់មាន ការចាប់ពីឈ្មួញកណ្ដាលនៅឡើយ។
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-17_09-48-18.jpg)
ដោយក្នុងនោះ (១) សូមចាត់វិធានការជាបន្ទាន់មួយដើម្បីដោះស្រាយ ទៅលើបញ្ហាត្រីដែលកកស្ទះនៅក្នុងស្រះមិនទាន់ចាប់នេះ ដោយសារបរិមាណផលចិញ្ចឹមបានក្នុងអំឡុងខែមករា ដល់មីនា នេះគឺប្រមាណជាង ៣ម៉ឺនតោនដនៅកកស្ទះ ក្នុងស្រះនៅឡើយ។ ពោលប្រសិនបើមិនចាប់ទាន់ពេលវេលា ទេវាធ្វើឲ្យខូចនៅគុណភាពត្រី ហើយត្រីនឹងអាចស្គម ។ ប្រសិនបើជាឲ្យចំណីត្រីវាអាចធំលើសទម្ងន់ វានឹងបង្កើនការចំណាយច្រើនដល់ វារីវប្បករយើងទៀតផង។ មួយវិញទៀត រដូវកាលនេះជារដូវកាលរាំងស្ងួត ដែលធ្វើឲ្យតំបន់មួយចំនួនអាចខ្វះទឹក ហើយនៅពេលខ្វះទឹក ត្រីអាចងាប់នាំឲ្យខាតបង់កាន់តែច្រើន។ ក្នុងន័យនេះប្រសិនបើគ្មានអន្តរាគមន៍ទាន់ពេលវេលាទេ វាអាចធ្វើឲ្យប៉ះពាល់ និងអាចធ្វើឲ្យវារវប្បករបាក់ទឹកចិត្ត ហើយអាចឈានទៅដល់ការលែងចិញ្ចឹមត្រីក្នុងស្រុកផងដែរ។
(២) ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ ទៅលើឈ្មួញនាំចូលឲ្យស្របទៅតាមច្បាប់ អនុញ្ញាតត្រឹមត្រូវជៀសវាងការនាំត្រីលើស បរិមាណដែលមាននៅក្នុងលិខិតអនុញ្ញាត ដែលជាមូលហេតុធ្វើឲ្យលើសតម្រូវការ នៃការផ្គត់ផ្គង់ក្នុងស្រុកធ្វើឲ្យបាត់តុល្យភាពរវាងការផ្គត់ផ្គង់ក្នុងស្រុកនិងការនាំត្រីចូលដែលមានតម្លៃប្រកួតប្រជែងទាបជាងការផលិតក្នុងស្រុក។
![](https://dap-news.com/wp-content/uploads/2021/03/photo_2021-03-17_09-48-20.jpg)
គួររំលឹកថា បញ្ហាប្រឈមសំខាន់របស់វារីវប្បកម្មក្នុងឆ្នាំ២០២១ គឺនៅក្នុងត្រីមាសទី១នេះ ចាប់ពីខែមករា ដល់ ខែមីនា គឺមានការកកស្ទះត្រីក្នុងស្រះ ដោយមិនមានឈ្មួញកណ្ដាលចុះចាប់ត្រីដូចកាលកន្លងមកដោយមូលហេតុមានការនាំត្រីគ្រប់ប្រភេទ ចូលពីប្រទេសជិតខាងដោយគំហុកដែលការណ៍នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលត្រីដែលវារីវប្បករខិតខំចិញ្ចឹមក្នុងស្រុក៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)