ព័ត៌មានជាតិ

សម្តេចសាយ ឈុំ ទូលថ្វាយ ព្រះមហាក្សត្រ បញ្ចប់គោរមងារ របស់ឧកញ៉ា ដួង ឆាយ

ភ្នំពេញ ៖ សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្ដីទីកម្ពុជា បានក្រាបទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីស្នើសុំបញ្ចប់គោរមងារឧកញ៉ា ដួង ឆាយ ។ការទូលថ្វាយនេះក្រោយពីមាន សំណើពីសម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា ។នេះបើយោងតាមលិខិតរបស់សម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជាទូលថ្វាយព្រះមហាក្សត្រនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ការស្នើសុំបញ្ចប់គោរមងារឧកញ៉ាដួង ឆាយនេះ ក្រោយពីសម្តេចតេជោបញ្ចេញសារតាមខមិននៅលើការឡាយរបស់អតីតភរិយាដួង ឆាយ ដែលបានបង្ហាញពីសកម្មភាពយ៉ាងច្រើនវាយទាត់ធាក់ទៅលើអតីតប្រពន្ធ កាលពីថ្ងៃ១៦មីនា ។

ខមិនដែលសម្តេចតេជោដាក់នៅខាងក្រោមនោះ មានន័យលើកជាសំណួរថា “ហេតុអីដួងឆាយឃោឃៅដល់កម្រិតនេះ?”។ តាមរយៈការឡាយរបស់អតីតប្រពន្ធជាង១ម៉ោង នារាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១អតីតប្រពន្ធបានបង្ហាញវិដេអូដែល ដួង ឆាយ វាយធ្វើបាបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃបន្តបន្ទាប់ទៀត។ ក្នុងនោះបានបង្ហាញពីការវាយប្រពន្ធយ៉ាងដំណំ ទោះបីជាមានការហាមឃាត់ពីឪពុក-ម្តាយ និងអ្នកនៅជាមួយក៏ដោយ ក៏ដួង ឆាយ នៅតែរឹងទទឹងមិនស្តាប់ឡើយ គឺនៅតែបន្តវាយ ហើយនិងលឺសំឡេងកូនយំស្រែក។

កាលពីចុងឆ្នាំ២០២០នេះ រឿងរ៉ាវរបស់ប្តីប្រពន្ធដួងឆាយបានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងដោយអតីតប្រពន្ធបានប្រកាសលះលែងជាមួយ ដួង ឆាយ។ ក្រោយប្រកាសលះលែងហើយ បើតាមការបង្ហាញរបស់ដួងឆាយគឺកូនទាំង៣ស្ថិតនៅក្រោមគ្រប់គ្រងរបស់ខ្លួន៕

To Top