ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ បានចាត់មន្ត្រីចូលរួមរំលែកមរណទុក្ខក្រៀមក្រំ ជាមួយក្រុមគ្រួសារសព លោក ឡៅ វណ្ណា អាយុ ៥០ឆ្នាំ ដែលបានទទួលមរណភាព ដោយជំងឺកូវីដ១៩ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលជាករណីស្លាប់លើកទី១ នៅកម្ពុជា ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក អ៊ុយ សំអាត នាយកនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខ យ៉ាងក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ភរិយា នៃសពត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូ ដើម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ។
អំណោយផ្តល់ជូននេះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី៥កេស, ត្រីខ៥០កំប៉ុង, ទឹកក្រូច៥កេស និងថវិកាចំនួន ៥លានរៀល ៕