Covid-19

រដ្ឋមន្ត្រីអប់រំ៖ ក្នុងករណីមានការសង្ស័យកូវីដ១៩ ត្រូវផ្អាកដំណើរការសាលារៀននោះ ជាបណ្តោះអាសន្ន

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងករណី មានការសង្ស័យពីបញ្ហាកូវីដ១៩ សាលារៀននោះ ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន និងត្រូវរាយការណ៍ជូនអាជ្ញាធរ អប់រំតាមលំដាប់ថ្នាក់។

តាមរយៈសេចក្ដីណែនាំ ស្ដីពីវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា នាថ្ងៃទី១៧ មីនានេះ លោករដ្ឋមន្ត្រីអប់រំ បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំសូមណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ ដូចខាងក្រោម៖

១.បង្កើត និងពង្រឹងភារកិច្ចរបស់គណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដែលមាននាយកសាលាជាប្រធាន និងមានការចូលរួមពីសហគមន៍

២.តាមដានជាប្រចាំនូវសកម្មភាព និងការចល័តទីកន្លែងរបស់ បុគ្គលិកអប់រំក្រោមឱវាទ។

៣.សហការជាមួយអាជ្ញាធរដែនដី ដើម្បីតាមដាន និងគ្រប់គ្រងជនចំណូលស្រុក (ថ្មី) រួមទាំងការអនុវត្តវិធានការធ្វើចត្តាឡីស័ក។

៤.ក្នុងករណីមានការសង្ស័យ គ្រឹះស្ថានសិក្សាត្រូវផ្អាកដំណើរការ ជាបណ្តោះអាសន្ន និងត្រូវរាយការណ៍ ជូនអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់។

៥.ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់ ៕

To Top