ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា​ ស្តេចយាងបំពេញ ទស្សនកិច្ច នាដងទន្លេជៀស៊ីង និងសាលអនុស្សវរីយ៍ បដិវត្តន៍ណានហ៊ូ

ភ្នំពេញ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាង បំពេញព្រះរាជ ទស្សនកិច្ច ទៅកាន់ដងទន្លេជៀស៊ីង និងសាលអនុស្សវរីយ៍ បដិវត្តន៍ណានហ៊ូ ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក Yuan JiaJun លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្ត ។ នេះបើយោង តាមគេហទំព័រ Royal du Cambodge ។

លោក Yuan JiaJun លេខាគណៈកម្មាធិការបក្សខេត្ត បានមានប្រសាសន៍ថា មិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខេត្តចឺជាំង គឺជាកន្លែងដែលកប៉ាល់ក្រហម នៃបដិវត្តចិនបានចាប់ផ្តើម ដែលជាកន្លែងដំបូងគេ សម្រាប់ការកែទម្រង់ ហើយជាកន្លែងសំខាន់មួយ ដែលគំនិតរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing ស្តីពីសង្គមនិយម នៅក្នុងយុគសម័យថ្មី បានលេចចេញជាផ្លូវការ ។

លោក បានសម្តែងក្តីសង្ឃឹមថា តាមរយះព្រះរាជដំណើរ ទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ នឹងកាន់តែឈ្វេងយល់ យ៉ាងស៊ីជម្រៅថែមទៀត ចំពោះខេត្តចឺជាំង និងជំរុញឱ្យភាគីទាំងពីរ កាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ដើម្បីជំរុញឱ្យភាគីទាំងពីរបន្តពង្រឹង ការផ្លាស់ប្តូរគ្នាលើវិស័យ និងកម្រិតផ្សេងៗ ជាពិសេសធ្វើឱ្យស៊ីជម្រៅ និងពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ សុខភាព ទេសចរណ៍ និងផ្នែកផ្សេងៗជាច្រើនទៀត ។ យើងនឹងអនុវត្តការមូលមតិគ្នា ដែលបានសំរេចដោយថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ហើយរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ នៅចឺជាំងខាងកើត ឱ្យដល់កំរិតខ្ពស់មួយ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យថ្លែង ក្នុងឱកាសនោះថា ព្រះអង្គពិតជាមានព្រះរាជហឫទ័យរីករាយ ដែលបានមកទស្សនា ខេត្តចឺជាំង ជាថ្មីម្តងទៀត ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមយ៉ាងឆាប់រហ័ស របស់ទីក្រុងចឺជាំង គឺជាសមិទ្ធិផលដ៏អស្ចារ្យ ដែលបានបង្កើតឡើង ដោយប្រជាជនចិនក្រោម ការដឹកនាំរបស់គណបក្ស កុម្មុយនិស្តចិន ។ ព្រះអង្គ សម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី Xi JinPing ប្រទេសចិន នឹងទទួលបានការអភិវឌ្ឍថ្មីៗ និងកាន់តែប្រសើរថែមទៀត ។

ព្រះអង្គ សង្ឃឹមថាតាមរយៈព្រះរាជដំណើរ ទស្សនកិច្ចនេះ យើងនឹងទទួលមរតក និងបន្តនូវចំណងមិត្តភាព ជាប្រពៃណីរវាងប្រជាជនទាំងពីរ ជំរុញការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងចិន និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជន នៃប្រទេសទាំងពីរ ៕

To Top