ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានអ្នកវិជ្ជមានកូវីដ១៩ បានចូលក្លឹបហាត់ប្រាណ ហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ដូច្នេះអ្នកពាក់ព័ន្ធ ដែលធ្លាប់ចូលទីនោះ ត្រូវទៅធ្វើតេស្តជាបន្ទាន់ ។
យោងតាមហ្វេសប៊ុក នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅព្រឹកថ្ងៃទី១៨ មីនានេះបានបញ្ជាក់ថា «ករណីវិជ្ជមានកូវីដ១៩ បានចូលក្នុងខ្លឹបហាត់ប្រាណហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ។ សូមអញ្ជើញបងប្អូន ដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅក្នុងក្លឹបហាត់ប្រាណហ្វឹតហ្សេន (Fit-Zone) ពីថ្ងៃទី ១ ដល់ទី១២ ខែមីនា ឆ្នាំ ២០២១ សូមអញ្ជើញទៅធ្វើតេស្ត នៅមន្ទីរពេទ្យដែល បានកំណត់អនុញ្ញាត ក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាស់ជាប្រចាំ» ។
ចំពោះបុគ្គលដែលមិនមាន រោគសញ្ញាត្រូវធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាព របស់អ្នករាល់ថ្ងៃរយៈពេល ១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។
ក្នុងនោះអ្នកពាក់ព័ន្ធ គឺទៅធ្វើតេស្ត នៅមណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែក នៅតាមបណ្តាខេត្តនានា ៕