Covid-19

អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ឲ្យមន្រ្តីក្រោមឱវាទ បន្ដអនុវត្តឲ្យម៉ឹងម៉ាត់ វិធានាការសុខាភិបាល ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើការណែនាំមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្ដអនុវត្តឲ្យម៉ឹងម៉ាត់បំផុត នូវវិធានការសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

តាមសេចក្ដីណែនាំនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងថា ស្ថានភាពនៃជំងឺកូវីដ-១៩ បានរីករាលដាលកាន់តែធំ នៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត ជាពិសេសការរីករាលដាល ចូលទៅក្នុងអង្គភាពមួយចំនួន នៃកងយោធពលខេមរភូមិន្ទ នាពេលថ្មីៗនេះ បើទោះបីជា ក្រសួងការពារជាតិ បានដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នេះ បានដល់ស្ទើរតែ គ្រប់យោធិនទូទាំងប្រទេសហើយក្ដី។

នាយឧត្ដមសេនីយ៍ បញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងជួរកងទ័ព អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ដូចជា បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការសុខាភិបាល ជាពិសេស វិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

ជាងនេះទៅទៀត នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានណែនាំឲ្យ ត្រួតពិនិត្យទីតាំងចត្តាឡីស័ក នៅក្នុងអង្គភាពរៀងៗខ្លួន ដែលបានរៀបចំកន្លងមក សម្រាប់ធ្វើចត្តាឡីស័ក ក្នុងករណីដែលយោធិន នៅក្នុងអង្គភាពមានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ-១៩។ ជាពិសេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរឹតបន្តឹងការគ្រប់គ្រងកម្លាំង ទាំងកម្លាំងជំនាញ កម្លាំងសុខាភិបាល និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមលក្ខណៈ ក្នុងករណីមានបទបញ្ជា។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥៤១នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន៨៩៨នាក់ ,កំពុងសម្រាកព្យាបាល ចំនួន៦៤០នាក់ អ្នកជំងឺម្នាក់ស្លាប់៕

To Top