ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងមិនទាន់ដាក់សំណើរទៅកាន់រាជរដ្ឋាភិបាល ដើម្បីស្នើសុំផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឡើយទេ ។
លោក ហេង សួរ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១តាមប្រព័ន្ធតេឡេក្រាមថា “មិនទាន់មានសំណើនៅឡើយ។ យើងត្រូវការវាយតម្លៃសភាពការណ៍រួមជាលក្ខណៈអន្តរស្ថាប័ន ជាពិសេសជាមួយក្រសួងសុខាភិបាល” ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារនេះ បន្ទាប់ពីលោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) បានដាក់លិខិតមួយច្បាប់ទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដើម្បីស្នើសុំឲ្យដាក់សំណើរទៅរាជរដ្ឋាភិបាលសុំផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ខណៈកាន់តែធំឡើងនៅក្នុងសហគមន៍។
ប្រធានសម្ព័ន្ធសហជីពជាតិលើកឡើងទៀតថា ជាទូទៅនៅពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិម្តងៗ ជនរួមជាតិខ្មែរតែងតែប្រមូលផ្តុំគ្នា ជួបជុំគ្រួសារ មិត្តភ័ក្រ្ត ទៅវត្តអារាមនានាៗ លេងល្បែងប្រជាប្រិយ៍ ជាពិសេសយុវជន កម្មករ និយោជិត លេងម្សៅលាបមុខគ្នា លេងទឹកផ្ទះ ដាក់គ្នាដែលជាប្រភពនៃការចម្លងធ្ងន់ធ្ងរឮពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមន៍ទៅសហគមន៍មួយផ្សេងទៀត ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំដោះស្រាយប្រើគ្រប់វិធាន ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីង១៩នេះ៕
ស.សំណាង