ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា មានប្រជាពលរដ្ឋក្រីក្រប្រហែល ៧០០ ០០០ គ្រួសារ បានទទួលការផ្ទេរប្រាក់ ក្នុងកំឡុងពេលមានជំងឺកូវីដ-១៩ ពីប្រព័ន្ធកំណត់អត្តសញ្ញាណភាពក្រីក្រថ្នាក់ជាតិ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា កាលពីសប្តាហ៍មុនលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានចូលរួមជាមួយបទ សម្ភាសន៍ ដែលរៀបចំដោយ UNDP Cambodia ទាក់ទងនឹងកម្មវិធីកំណត់អត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ របស់ប្រទេសកម្ពុជា។

ស្ថានទូតបន្ដថា តើអ្នកដឹងទេ? ប្រព័ន្ធកំណត់អត្តសញ្ញាណភាពក្រីក្រថ្នាក់ជាតិ របស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រសួងផែនការរបស់កម្ពុជា ដោយមានជំនួយពីរដ្ឋាភិបាលអូស្ត្រាលី និងអាល្លឺម៉ង់។

ស្ថានទូតអូស្ដ្រាលី ក៏បានលើកឡើងថា «ប្រព័ន្ធនេះពិតជាមានសារសំខាន់ក្នុងកំឡុងពេលមានបញ្ហាជំងឺកូវីដ-១៩នេះ ដែលបានជួយរដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់ និងផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជាដែលកំពុងត្រូវការបំផុត។ គ្រួសារប្រហែល ៧០០ ០០០ គ្រួសារ បានទទួលការផ្ទេរប្រាក់ ក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ ដោយសារតែមានជំនួយពីប្រព័ន្ធ»៕
