គិតមកទល់ត្រឹមថ្ងៃនេះ គឺមានរយៈពេល៥១ឆ្នាំ (១៨.០៣.១៩៧០-១៨.០៣.២០២១) ដែលកម្ពុជាទទួលមេរៀនប្រវត្តិសាស្រ្ត ដ៏ជូរចត់នៃការធ្វើរដ្ឋប្រហារ និងការចាប់ផ្តើម សង្រ្គាមសីុវិល។
ក្រោយកម្ពុជាទទួលបាន ឯករាជ្យពេញលេញ ពីប្រទេសបារាំង និងក្រោមព្រះរាជ្យកិច្ ចដឹកនាំរបស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទ ព្រះនរោត្តម សីហនុ កម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងមានឈ្មោះថា “កោះសន្តិភាព” ដ៏សុខដម្យរម្យនា។ ដោយសារសហរដ្ឋអាមេរិក ពុំពេញចិត្ត នយោបាយអព្យាក្រិត្យ របស់សម្តេចព្រះនរោត្តមសីហនុ ដែលកាលណោះ ស្ថិតក្នុងសង្រ្គាមត្រជាក់ (Cold war)ផង រដ្ឋាភិបាលក្រុងវ៉ាសីុនតុន បានបញ្ជូនភ្នាក់ងារសម្ងាត់ ដោយបានជួយឧបត្ថមគាំទ្រក្រុម លោក លន់ នល់ និងទ្រង់សីុសុវត្ថិសិរីមតៈ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ រហូតបានសម្រេចនៅថ្ងៃទី១៨ មិនា ឆ្នាំ១៩៧០ ក្នុងគ្រាព្រះអង្គកំពុងបំពេញទស្សនកិច្ច ក្នុងទីក្រុងម៉ូស្គូ អតីតសហភាពសូវៀត។
“កោះសន្តិភាព”ចាប់ផ្តើមបែកបាក់ ដោយខ្មែរម្ខាងមាននិន្នាការសាធារណរដ្ឋនិយម (លោកលន់ នល់) និងខ្មែរម្ខាងទៀតជាក្រុមរាជានិយម (សីហនុនិយម) ដែលកាលណោះសម្តេចព្រះ នរោត្តម សីហនុ បន្តនិរទេសព្រះកាយ ទៅទីក្រុងប៉េកាំងប្រទេសចិន។
ក្រោយមកក្រុមទីពីរបានក្លាយទៅជាក្រុមខ្មែរក្រហមដ៏មានកម្លាំងខ្លាំងក្លា។ សង្រ្គាមអូសបន្លាយពេលវេលា ទុក្ខវេទនាបានរួមរឹតជីវិតប្រជាជនខ្មែរ ពីមួយឆ្នាំទៅមួយឆ្នាំ។ អំពើពុករលួយ ពាលា អាវ៉ាសែសីុរូងដល់ ខួរឆ្អឹងនៃរបបសាធារណរដ្ឋខ្មែរ របស់ក្រុមលោកលន់ នល់ ហាក់ដូចជាហុចដង អោយដល់ក្រុមខ្មែរក្រហម ទទួលបានការគាំទ្រ ពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈសង្គម កាន់តែច្រើនឡើងៗ។ បន្តិចម្តងៗ ទីក្រុងភ្នំពេញ ត្រូវបានហ៊ុំព័ទ្ធ ដោយកងកម្លាំងទាហានខ្មែរក្រហម បើទោះបីជាក្រុមទាហានលោកលន់ នល់ មានទាហានអាមេរិកជាជំនួយ មានសម្ភារៈសឹកទំនើបៗ និងយន្តហោះប្រដេញ ជួយអន្តរាគមន៍ ទម្លាក់គ្រាប់បែករាប់លានតោន យ៉ាងណាក៏ដោយ ក៏ទីបំផុត ស្ថានទូតអាមេរិក សម្រេចចិត្តបិទទ្វារ និងដកកងទ័ពទាំងស្រុង ចេញពីកម្ពជាប្រមាណមួយសប្តាហ៍ មុនពេលទីក្រុងភ្នំពេញ ធ្លាក់ក្នុងកណ្តាប់ដៃក្រុមខ្មែរក្រហម កាន់កាប់នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។
ភ្លាមៗ ក្រោយទទួលបានជ័យជំនះ ទាហានខ្មែរក្រហមបានបង្ខំប្រជាជនក្រុងភ្នំពេញ ទាំងជាងមួយលាននាក់ ត្រូវតែចាកចេញពីផ្ទះសម្បែង រយៈពេលត្រឹមតែបីថ្ងៃ អោយទៅរស់នៅ ជនបទស្រែចំការ និងទីដាច់ស្រយាល។ ជនណាមិនព្រមធ្វើតាមបញ្ជា គឺបាញ់ចោល។ ចាប់ពីថ្ងៃនោះមក “វាលពិឃាដ” បានកើតចេញជារូបរាងបណ្តើរៗ រហូតរាលដាលពាសពេញផ្ទៃប្រទេសទាំងមូល។ សូម្បីតែព្រះនរោត្តមសីហនុ ក៏ត្រូវជាប់ឃុំក្នុងព្រះរាជតំណាក់ផងដែរ ឯក្រុងភ្នំពេញក្រោយពេលវិលត្រឡប់មកកម្ពុជា។ សម័យកាលណោះប្រទេសកម្ពុជា គ្មានទំនាក់ទំនងសោះឡើយជាមួយបរទេស និងអន្តរជាតិ លើកលែងតែប្រទេសចិន មួយគត់ជាសម្ព័ន្ធមិត្ត នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត។
៧ មករា ១៩៧៩ គឺជាថ្ងៃប្រជាជនកម្ពុជា ទូទាំងប្រទេស ដែលកំពុងត្រដរខ្យល់រស់ ត្រូវបានរំដោះដោយកងកម្លាំងរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា រួមជាមួយ កងទ័ពស្ម័គ្រចិត្តវៀតណាម វាយរុញច្រានទាហានខ្មែរក្រហមប៉ុល ពត អោយបរាជ័យ និងកម្ពុជាកសាងជីវិតថ្មី ដោយចាប់ផ្តើមពីចំណុចសូន្យ។
សង្រ្គាមស៊ីវិល ចាប់ផ្តើមជាថ្មីរវាងកងទ័ព សាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពព្រៃរបស់ប៉ុល ពត ជាមួយក្រុមតូចតាចដទៃទៀត។ ទីបំផុត ក្រុមខ្មែរក្រហម បានយល់ព្រមធ្វើសមាហរណកម្ម មករួមរស់ ក្នុងសង្គមជាតិខ្មែរតែមួយ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែន ។
កម្ពុជា វិលត្រឡប់ មករកសុខសន្តិភាព ស្ថេរភាពឡើងវិញក្រោយសង្រ្គាម ច្រើនទសវត្សន៍ ដ៏មហាប្រល័យ។
បើទោះបីជាប្រទេសចិន ធ្លាប់មានឈ្មោះអាស្រូវ នៅកម្ពុជានាសម័យខ្មែរក្រហម ប៉ុន្តែបច្ចុប្បន្នចិនបាន និងកំពុងជួសជុល ព្រមទាំងស្តារមុខមាត់ តាមរយៈទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្តល់ជំនួយឥតសំណង ប្រាក់កម្ចី ជាពិសេសការលប់ប្រាក់បំណុល ក្នុងសម័យសង្រ្គាមសីុវិលចោលទាំងស្រុង គឺផ្ទុយស្រឡះ ពីសហរដ្ឋអាមេរិក ដែលបានដុតផ្ទះខ្មែរ ហើយតាមទារលុយថ្លៃសាំង។
ការរៀបរាប់សង្ខេបត្រួសៗនេះ គ្រាន់តែជាការរំលឹក និងដាស់ស្មារតី កុលបុត្រធិតាខ្មែរ ប្រុសស្រី ត្រូវតែចងចាំថ្ងៃ១៨ មិនា ១៩៧០ ដែលសហរដ្ឋអាមេរិក បានរុញច្រានកម្ពុជា អោយធ្លាក់ចូល ក្នុងភ្នក់ភ្លើងសង្រ្គាម ហើយមកទល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បន្តគេចវេស ពីការទទួលខុសត្រូ វចំពោះកម្ពុជាទាំងខាងសីលធម៌ និងប្រវត្តិសាស្រ្ត។
សហរដ្ឋអាមេរិក គួរយកគំរូ តាមប្រទេសចិន ក្នុងការស្តារកិត្តិយស មុខមាត់ពីអតីតកាល ដ៏អន្ធកាល ដើម្បីធ្វើអោយ មានតុល្យភាពទំនាក់ទំនងរវាងកម្ពុជា-ចិន និង កម្ពុជា-អាមេរិក៕
(ហ្វេសបុកផេក ស្ទីវិន សាន់)