Covid-19

សម្តេចតេជោ ៖ ការថតរូបសូមរក្សាគំលាតផង ព្រោះកន្លងមក មានការចម្លងកូវីដ១៩តាមរយៈថតរូប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការប្រជុំនានា គឺបានរក្សាគំលាតល្អហើយ ប៉ុន្តែសម្រាប់ការថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ប្រជុំគឺនៅជុំគ្នាដដែល ដោយមិនបានរក្សាគំលាត ឲ្យនៅឆ្ងាយពីគ្នាទេ ដូច្នេះត្រូវរក្សាគំលាត ព្រោះកន្លងមកមានការឆ្លងជំងឺកូវីដ១៩ តាមរយៈការថតរូប។

តាមរយៈសារជាសំឡេង ប្រមាណជា៣០នាទី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោបានថ្លែងថា អ្នកទាំងអស់គ្នាពេលប្រជុំ គឺបានរក្សាសុវត្ថិភាពសុខាភិបាលល្អហើយ តែការថតមិនទាន់ល្អ។ សម្តេចថា ប្រជុំមួយម៉ោងអត់មានបញ្ហាអ្វីកើតឡើងទេ តែមកកើតបញ្ហា ដោយសារការថតរូបជុំគ្នា ជាអនុស្សាវរីយ៍ត្រឹមរយៈពេល៥នាទី។ ដូច្នេះការថតរូបត្រូវរក្សាគំលាតផង។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “សូមឲ្យការថតរូបនេះ ក៏ថតទៅចុះ តែសូមឲ្យរក្សាគំលាតឲ្យខានតែបាន ។ នេះមិនមែនជាការចាំបាច់ហួសហេតុពេកទេ នៃការថតរូបដែលជាផ្នែកមួយនៃការចម្លង ។ ក្នុងរយៈពេលកន្លងទៅ ដោយសារតែបញ្ហាការថតរូបនេះ ក៏មានចំណែកមួយនៅក្នុងចំណោម នៃការឆ្លងរបស់យើង” ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៩ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៥៧៨ នាក់ អ្នកជាសះស្បើយចំនួន៩១៧ នាក់ អ្នកកំពុងព្យាបាលចំនួន៦៥៨ នាក់ និងមានអ្នកស្លាប់១ នាក់៕

To Top