Covid-19

សម្ដេចតេជោប្រកាសថា វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នាថ្ងៃ២៦ មីនា ចំនួន១,៥លានដូស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា បើគ្មានអ្វីប្រែប្រួលទេ វ៉ាក់សាំងស៊ីណូវ៉ាក់នឹងមកដល់កម្ពុជា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ចំនួន១,៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីមិត្តចិន។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំង បានជាង៣០ម៉ឺននាក់។

សម្ដេចតេជោមានប្រសាសន៍ថា «ហើយនៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងពីភាគីមិត្តចិនដែលយើងបានទិញស៊ីណូវ៉ាក់ចំនួន១លាន ៥សែនដូស។

សម្ដេចតេជោបន្ដថា ក្រៅពីនោះកម្ពុជាក៏សល់ជំនួយពីមិត្តចិន សម្រាប់វ៉ាក់សាំង Sinopharm ចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។ សម្តេច ស្នើឲ្យគណៈកម្មការចំពោះកិច្ច ដើម្បីការចាក់វ៉ាក់សាំង ត្រូវផ្តល់អាទិភាពសម្រាប់អ្នក ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត សម្រាប់មនុស្សចាស់គឺងាយឆ្លង។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើគណៈកម្មការ ចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវពិភាក្សាគ្នា អំពីការបើកយុទ្ធនាការ១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង Astra Zeneca ដល់មនុស្សចាស់មានអាយុ ចាប់ពី៦០ឆ្នាំឡើងទៅ នៅតាមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

សម្ដេចតេជោ បន្ដថា យុទ្ធនាការចាក់វ៉ាក់សាំង Astra Zeneca រយៈពេល១៥ថ្ងៃនេះ មិនមែនចាប់ផ្តើមនាថ្ងៃនេះទេ តែត្រូវចាប់ផ្តើមនៅពេលលោកស្រី ឱ វណ្ណឌីន និងលោក ឃួង ស្រេង ប្រកាសរៀបចំរួចរាល់ជាមុខសិន ព្រោះការចាក់វ៉ាក់សាំងនេះ ត្រូវរៀបចំឡើងក្នុងខណ្ឌនីមួយៗ។

ជាមួយគ្នានេះដែរ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានរយៈពេល១ ខែហើយ គឺមិនទាន់ធូរស្រាលនៅឡើយទេ ទោះបីគ្រប់គ្រងសភាពការណ៍ នៅខេត្តព្រះសីហនុ បានល្អប្រសើរ ប៉ុន្ដែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្ដាល កំពុងញាំញីនៅឡើយ ក្នុងពេលខេត្តព្រៃវែង និងខេត្តកោះកុង កំពុងតែទប់ទល់។

សម្ដេចតេជោបន្ដថា រយៈពេល១ខែកន្លងទៅនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ មានជាង១ពា ន់នាក់។ សម្ដេចថា ជំងឺកូវីដ-១៩ កំពុងបន្ដរាលត្បាតនៅរាជធានីភ្នំពេញ និងផ្នែកខ្លះរបស់ខេត្តកណ្ដាល ដែលទាមទារឲ្យភាគីពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់ខ្ពស់ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅកម្ពុជា៕

To Top