ព័ត៌មានជាតិ

ព្រះស្ងោយ១៤មុខ និងឆាយាលក្ខណ៍ របស់សម្តេចតា ត្រូវបានចារឹកបង្ហាញជាសាធារណៈ ក្នុងភោជនីយដ្ឋានលីព័រឡាង ទីក្រុងសៀងហៃ

ភ្នំពេញ ៖ ព្រះស្ងោយទាំង១៤មុខរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ កាលពី៤៨ឆ្នាំមុន ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋានលីព័រឡាង (Lu Po Liang) ស្ថិតនៅទីក្រុងសៀងហៃ ប្រទេសចិន រហូតមកដល់សព្វថ្ងៃនេះ ។ ក្រៅពីព្រះស្ងោយទាំង១៤មុខនោះហើយ ព្រះបរមឆាយាលក្ខណ៍របស់ព្រះអង្គទាំងទ្វេក៏បានតាំងបង្ហាញផងដែរ។

ក្នុងព្រះរាជដំណើររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសោយព្រះក្រយាថ្ងៃត្រង់ នាភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាងដែលជាអគារប្រវត្តិសាស្រ្តបង្គប់ទៅដោយអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅ នៃព្រះមហាក្សត្រខ្មែរនាឆ្នាំ១៩៧៣។

បើតាមការរៀបរាប់របស់ផេក Royal du Cambodge បានឲ្យដឹងថា ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង ក្នុងឧទ្យានយូ ត្រូវបានចាប់បង្កើតឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៣ ។ ដើម្បីជាកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនាពេលនោះ ថ្នាក់ដឹកនាំកំពូលទីក្រុងសៀងហៃបានប្រកាសស្វែងរក និងជ្រើសរើសនូវចុងភៅដ៏ចំណានៗដើម្បីរៀបចំថ្វាយជាពិសេសនូវព្រះស្ងោយដ៏ល្បីៗរបស់ទីក្រុងសៀងហៃថ្វាយ ព្រះអង្គទាំងទ្វេ ។

ផ្ទាំងពាណិជ្ជកម្ម

ជាលទ្ធផលព្រះស្ងោយចំនួន ១៤មុខ ត្រូវបានចម្អិនឡើងដោយចុងភៅដ៏ល្បីល្បាញនៃទីក្រុងសៀហៃ ដើម្បីថ្វាយព្រះអង្គទាំងទ្វេសោយនាឧទ្យានយូ ។ នៅវេលាយប់ថ្ងៃដដែលនោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គមានព្រះរាជឱង្ការថា «ខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកមុនម៉ោង១០ព្រឹក សូមរៀបចំមុខម្ហូបដដែលនេះ ក្នុងមួយមុខចំនួន២ចាន សម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំ» ដែលនេះបានធ្វើឲ្យក្រុមចុងភៅដ៏ចំណានៗប្រចាំទីក្រុងសៀងហៃ មានសេចក្តីរំភើបរីករាយ និងត្រេកអរយ៉ាងខ្លាំង ព្រោះបានបង្ហាញយ៉ាងច្បាស់ថា ព្រះមហាក្សត្រកម្ពុជា គឺសម្តេចព្រះ នរោត្តម សីហនុ សព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះស្នាដៃចម្អិនម្ហូបរបស់ពួកគេ ។ ចំណែកឯរឿងនិទានដ៏ល្បីមួយគឺ រឿង “ពិធីជប់លៀងតូចមួយនៅលើពិភពលោក” មានប្រភពមកពិព្រឹត្តិការណ៍ខាងលើនេះឯង។

នៅក្នុងពេលនោះឧទ្យានយូ ពុំទាន់មានភោជនីយដ្ឋានពិសេសណាមួយសម្រាប់បង្អួតនូវរសជាតិដ៏ពិសេសនៃម្ហូបរបស់ទីក្រុងសៀងហៃនោះឡើយ ហើយដើម្បីជាកិច្ចងាយស្រួលសម្រាប់ការរៀបចំថ្វាយព្រះរាជបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះព្រះរាជដំណើររបស់ព្រះអង្គ នាឱកាសក្រោយទៀត ទើបនៅក្នុងឆ្នាំ ១៩៧៩ ចុងភៅមួយក្រុមដែលបានចម្អិនព្រះស្ងោយទាំង១៤មុខនោះថ្វាយព្រះអង្គ បានផ្តួចផ្តើមគ្នាបង្កើតឡើងនូវភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang នេះឡើង ហើយព្រះស្ងោយទាំង១៤មុខនោះ ត្រូវបានចារឹកលើផ្លាកពណ៌មាស តាំងបង្ហាញជាសាធារណៈដែលជាមុខម្ហូបយ៉ាងពិសេសប្រចាំភោជនីយដ្ឋាន ។

ចំណែកឯព្រះបរមឆាយាលក្ខណ៍ទាំងឡាយនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ត្រូវបានតាំងបង្ហាញអមដោយប្រវត្តិសង្ខេបនៃដើមកំណើតភោជនីយដ្ឋានដ៏ពិសេសនេះ និងបន្ទប់ដែលព្រះអង្គទាំងទ្វេ ស្តេចយាងមកសោយព្រះស្ងោយនាឆ្នាំ ១៩៧៣ ត្រូវបានរៀបចំជាបន្ទប់ដ៏ពិសេសប្រចាំភោជនីយដ្ឋានដែលត្រូវបានប្រសិទ្ធនាមថា បន្ទប់ «១៩៧៣»៕

To Top