នយោបាយ

នាយករដ្ឋមន្ត្រីថ្លែងថា ទេសចរណ៍ វប្បធម៌ និងនវានុវត្តន៍ ឧស្សាហកម្ម ផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំង របស់កម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសបើកកិច្ចប្រជុំ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) លើកទី២ តាមប្រព័ន្ធអ៊ីនធឺណិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានស្ថាបនិក កិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី បានថ្លែងអះអាងថា សម្រាប់កម្ពុជា ទេសចរណ៍ វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្ម ផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំងរបស់កម្ពុជា ។

តាមរយៈសារអបអរសាទរ នៅថ្ងៃទី១៩ មីនានេះ សម្ដេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេលនិងក្រោយកូវីដ -១៩ គឺពិតជា ប្រធានបទដ៏ល្អ និងមានទំនាក់ទំនង ខ្លាំងណាស់ ជាមួយស្ថានភាពបច្ចុប្បន្ន របស់ពិភពលោក ។

សម្ដេចបន្តថា រយៈពេលពីរឆ្នាំហើយ ACC បង្កើត និងប្រកាសនៅខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ ការតភ្ជាប់រវាងវប្បធម៌និងសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ទំនាក់ទំនងរវាងមនុស្សជាតិ និងនវានុវត្តន៍ ។ ការប្តេជ្ញាចិត្តផ្នែកនយោបាយគឺ ច្បាស់លាស់ ៖ ធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសន្ទនា និង កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ លើការ អភិវឌ្ឍ និងនវានុវត្តន៍ដោយមានវប្បធម៌ជាចលករ ដើម្បីសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាព ។

សម្ដេចបន្ថែមថា ការផ្សារភ្ជាប់រវាងមនុស្ស ចំណេះដឹង និងសកម្មភាព សុទ្ធតែជាយុទ្ធសាស្រ្ត អន្តរាគមន៍ សំខាន់ ដើម្បីនាំមកនូវលទ្ធផល ជាក់ស្តែងជូនប្រជាជន ។ ផ្សារភ្ជាប់ជាមួយគ្នា នេះ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ដោយយកប្រជាជន ជាស្នូល គឺជាវិធីសាស្ត្រសំខាន់ ដោយមានគោលបំណង រួមក្នុងការគាំទ្រ ACC ឲ្យក្លាយជាស្ថាប័នមួយ ដ៏សំខាន់នៅអាស៊ី ក្នុងការលើកកម្ពស់សន្តិភាព បរិយាប័ន្ន ចិរភាព និង ភាពធន់របស់សង្គម ។

សម្ដេចបន្តទៀតថា ជំងឺរាតត្បាតកូវីដ-១៩ កំពុងបំផ្លិចបំផ្លាញ ជុំវិញពិភពលោក។ វប្បធម៌និងឧស្សាហកម្មច្នៃប្រឌិត បានទទួលរងគ្រោះយ៉ាងខ្លាំង ពីវិធានការបិត ឬរឹតបន្ដឹងមនុស្សក្នុងការជួបជុំ និងការប្រមូលផ្ដុំ ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលទាមទារឲ្យមានសាមគ្គីភាព និងភាពជាដៃគូរអន្តរជាតិ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបញ្ជាក់ថា «ក្នុងន័យនេះ ការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ ផ្អែកលើធនធាននិងភាព ចម្រុះរបស់វប្បធម៌ សុទ្ធតែជាជម្រើសគោល នយោបាយចម្បងរបស់យើង ។ សម្រាប់កម្ពុជា ទេសចរណ៍ វប្បធម៌ និងនវានុវត្តន៍ឧស្សាហកម្មផ្អែកលើវប្បធម៌ គឺជាចំណុចខ្លាំងរបស់យើង» ។

ក្នុងឱកាសនោះដែរសម្ដេច ក៏បានសម្ដែងក្ដីរីករាយ ដោយបានឃើញវឌ្ឍនភាព គួរឲ្យកត់សម្គាល់ដែលបានបង្កើតឡើង ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ជាអន្តរជាតិ ដោយឈរលើគោលការណ៍ការ គោរព ការយោគយល់ និងការផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក (3M4PEACE) ដើម្បីសម្រេចបានការ រួមរស់ជាមួយគ្នាដោយសន្តិភាព អធិបតេយ្យភាពស្មើភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ៕

To Top