Covid-19

លោកស្រី ឱ វណ្ណឌីន ៖ កូវីដ-១៩ កំពុងវាយលុកហើយ សូម្បីតែកុមារអាយុ៦ឆ្នាំ ក៏វាមិនលើកលែងដែរ ដូច្នេះ ត្រូវអនុវត្ត សុខាភិបាលទាំងអស់គ្នា

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញលើសុខភាពសាធារណៈ បានថ្លែងថា វីរុសកូវីដ-១៩ កំពុងតែវាយលុកហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំ ក៏វាមិនលើកលែងឱ្យដែរ ដូច្នេះគ្មានអ្វីល្អ ប្រសើរជាង នៅក្នុងផ្ទះ និងកុំចេញក្រៅផ្ទះ បើមិនចាំបាច់។

តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «វីរុស កូវីដ-១៩ កំពុងតែវាយលុកយើងហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំ ក៏វាមិនលើកលែងឱ្យដែរ។ បញ្ហាសំខាន់របស់បុគ្គល គ្រប់រូប ដែលជាមនុស្សពេញវ័យនៅពេលនេះ តើយើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកុំឱ្យមានការចម្លង បន្តគ្នាបែបនេះ បើសូម្បីកូនតូចៗ ក៏ឆ្លងដែរហើយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសើរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បើមិនចាំបាច់ បើចាំបាច់ត្រូវចេញ សុំអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត»។

លោកស្រីបន្ដថា អ្នកនៅភ្នំពេញ កុំចេញទៅខេត្ត អ្នកនៅខេត្ត កុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវ ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ត្រូវគោរពអនុវត្តន៍ ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វើការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នា ក្នុងគ្រួសារនីមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិន ជា ជាងការលំបាកហួសប្រមាណ នៅពេលខាងមុខ ប្រសិនបើយើងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ ) ទើបអាចឆ្លងកាត់ ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា «ខ្ញុំសូមផ្ញើជូននូវការជូនពរ ដល់កុមារាតូចនេះ សូមឱ្យកូនបានជាសះស្បើយឆាប់ៗ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួច ហើយទាំងអស់ ឱ្យឆ្លងកាត់ដំណាក់វាយលុក របស់សត្រូវអត់ស្រមោល វិលមករកការជាសះស្បើយឆាប់ៗ និងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវ៉ៃបកសត្រូវមើលមិនឃើញនេះ ដោយអាវុធ ៣ការពារ និង ៣កុំ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top