ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និង អំពាវនាវឲ្យ ក្រុមហ៊ុនអភិវឌ្ឍ អចលនវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា បន្ធូរបន្ថយដល់ប្រជាពលរដ្ឋ ក្នុងការ ទិញផ្ទះ និងខុនដូរ ក្នុងបរិបទការ រីករាលដាលជំងឺកូវីដ-១៩។
យោងតាមសេចក្ដី ប្រកាសព័ត៌មានរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ដោយទទួលបានអនុសាសន៍ ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យ អចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ និងវិធានការ អនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ។
ប្រភពដដែល បន្ដថា ក្នុងស្ថានភាពបច្ចុប្បន្ន នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយ បញ្ហាសម្ពោធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ធ្វើការអំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ដូចជា ៖
ទី១-ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។
ទី២-លើកលែង ការផាកពិន័យ ចំពោះអ្នកទិញ អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់ តាមកាលកំណត់។
ទី៣-មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់រំលស់។
ទី៤-ដាក់ចេញនូវគោល នយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និង អគារសហកម្មសិទ្ធិនានា។
និងទី៥-អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។
ជាងនេះទៅទៀត ធនាគារជាតិ នៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗ បន្តទៀត ព្រមទាំងផ្តល់កិច្ច សហប្រតិបត្តិការល្អ ក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់៕