ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា អំពាវនាវកុំឲ្យពលរដ្ឋ ចេញក្រៅផ្ទះ បើគ្មានការចាំបាច់ ដោយសារជំងឺកូវីដ១៩ កំពុងវាយលុកក្នុងសហគមន៍

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ កុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ តែក្នុងករណី ត្រូវជួបមនុស្ស នៅខាងក្រៅ ត្រូវរក្សាគម្លាត។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែង អំណរគុណប្រជាពលរដ្ឋ ដែលបានធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់ របស់ប្រជាពលរដ្ឋ ក្នុងពេលដែលប្រទេសជាតិ កំពុងស្ថិតក្នុងស្ថាន ភាពប្រុងប្រយ័ត្នខ្ពស់។

សម្ដេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍សូមបងប្អូន កុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ជែល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវ ជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺ ត្រូវធ្វើឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល» ។

សម្ដេចតេជោបានជូនពរ ប្រជាពលរដ្ឋខ្មែរ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំ ឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១៨១៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន ៥នាក់ ៕

To Top