ភ្នំពេញ ៖ ករណីអគ្គិភ័យ ឆាបឆេះរោងចក្រខ្សែភ្លើង ឃ្យុងស៊ីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោង ប្រមាណ ជា៨ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ដោយសារមកពីផ្ទុះសេខ្សែភ្លើង ហើយក៏បានបណ្តាល ឲ្យកម្មករម្នាក់រងរបួស ។ នេះបើតាមការការចេញផ្សាយ របស់នាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ។
បើតាមការរៀបរាប់បន្ត របស់នាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ គឺការផ្ទុះសេខ្សែរភ្លើង នៅក្បែររោងបាយ ហើយបានឆាបឆេះផ្នែករោងម៉ាស៊ីន រហូតដល់រោងបាយ តែមិនឆេះចូលកន្លែង កម្មករ ធ្វើការឡើយ ។ ក្នុងនោះបានប្រើរថយន្តពន្លត់ អគ្គិភ័យស្រុកខ្សាច់ កណ្ដាល១ គ្រឿង និងរថយន្តទឹក 7NG ចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ២៥ គីប ។
ចំណែកកម្មកររងរបួស មានឈ្មោះ ភឹម រដ្ឋា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ។ សម្រាប់ខូចខាតសំភារះរួមមាន ៖ម៉ាស៊ីនភ្លើងធំ១ គ្រឿងម៉ាស៊ីនស្កេនក្រយ៉ៅដៃចំនួន ១៥ គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន ។
សូមបញ្ជាក់ថា ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជាជនជាតិ កូរ៉េខាងត្បូង ។ មានកម្មករសរុបចំនួន ១៦៧៥ នាក់ ស្រី ១៣១៨ នាក់ ដែលកំពុងធ្វើការងារ ៕