ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តព្រះសីហនុ ប្រាប់អ្នកធ្លាប់ពាក់ព័ន្ធ ទីតាំង១០ កន្លែងពិនិត្យសុខភាព បើសង្ស័យត្រូវទៅ តេស្តរកកូវីដជាបន្ទាន់

ភ្នំពេញ៖ រដ្ឋបាល ខេត្តព្រះសីហនុ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ធ្លាប់មានការពាក់ព័ន្ធ ជាមួយទីតាំងទាំង ១០កន្លែង ត្រូវពិនិត្យសុខភាព កម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ហើយក្នុងករណីមានការសង្ស័យ ត្រូវទៅយក សំណាកតេស្តរកកូវីដ១៩ នៅវេទិកា ៧មករា ។

យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ មីនានេះ បញ្ជាក់ថា «រដ្ឋបាលខេត្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធ ជាមួយទីតាំងខាងក្រោម តាមពេលវេលា ដែលបានបញ្ជាក់ជូននេះ សូមពិនិត្យសុខភាព (អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាក នៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត តាមរយៈទូរសព្ទ 012 888 737 ឬ 016 526 520» ។

រដ្ឋបាល ខេត្តព្រះសីហនុ គូសបញ្ជាក់ថា នៅថ្ងៃ២២ មីនា ក្រុមការងារជំនាញ របស់រដ្ឋបាលខេត្តបានតាមដាន សម្ភាសន៍ជាមួយបុគ្គលមានជំងឺកូវីដ-១៩គឺបានបញ្ជាក់ ថាធ្លាប់បានចេញ-ចូល និងមានការជាប់ពាក់ព័ន្ធ ទីតាំងដូចខាងក្រោម៖ ១-សណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ គឺមានអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលជាអ្នកគ្រប់គ្រង កាស៊ីណូហួយហ័រ បានទំនាក់ទំនង ការងារជាប្រចាំ ជាមួយកា ស៊ីណូខាងលើ ហើយគាត់មានអាការៈមិនស្រួលខ្លួន តាំងពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ ហើយគាត់ត្រូវបានរកឃើញថា មានវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១១។

២-អគារស្នាក់នៅ របស់បុគ្គលិក សណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីវិន (I) មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ)។

៣-ផ្ទះសំណាក់ជីងហ្វូ ជាអគារស្នាក់នៅរួម របស់បុគ្គលិក សណ្ឋាគារ កាស៊ីណូតុងហ្វាង ប៉ាលីរិន(II) មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ)។

៤-បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ (នុត សុភាព) មានទីតាំង នៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ (អ្នកគ្រប់គ្រងកាស៊ីណូហួយហ័រ) ដែលបានទៅពិនិត្យ ព្យាបាលជំងឺ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១០ ដល់១៧ ខែមីនា ឆ្នាំ២០២១មក គាត់ក៏បានព្យួរសេរ៉ូមពី ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៦:០០នាទីល្ងាច នៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺនោះ។ នៅពេលព្រឹកគាត់ ហូបអាហារនៅអាហារដ្ឋានសុជាតា និងនៅពេលល្ងាចបានទៅហូបបបរ នៅជាប់កន្លែងលក់នំប៉ុងសាច់អ៊ីតាយ (ចំនួន២ដង)។

៥-អាហារដ្ឋានសុជាតា មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ )។

៦-អាហារដ្ឋានលក់បាយ(លន់ ពលៈ) មានទីតាំងនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ)។

៧-គ្លីនិកស៊ីកាង អ៊ីយាន មានទីតាំងនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទីរសៀល មានអ្នកជំងឺកូវីដ-១៩ ម្នាក់បានជិះម៉ូតូកង់បី (តុកតុក) ចេញពីកាស៊ីណូហួយហ័រ ទៅពិនិត្យជំងឺចាក់ថ្នាំ និងព្យួរសេរ៉ូម នៅក្នុងគ្លីនិកខាងលើ និងបានសម្រាក ព្យាបាលនៅទីនោះ ១យប់ រហូតដល់ព្រឹកថ្ងៃទី១៩ ខែមីនា ទើបគ្រូពេទ្យណែនាំឱ្យគាត់ ទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

៨-ផ្សារទំនើបរីករាយ មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៥:០០នាទីរសៀល មានជនជាតិចិន ចំនួន ៥នាក់បានជិះ រថយន្តដែលមានអ្នកបើកបរ (ជនជាតិខ្មែរ )ជាអ្នកផ្ទុកវីរុសកូវីដ-១៩ បាននាំគ្នាមកទិញទំនិញនៅផ្សារទំនើបរីករាយ ហើយត្រឡប់ទៅកាស៊ីណូហួយហ័រវិញ បច្ចុប្បន្នពួកគាត់មានវិជ្ជមានវីរុសកូវីដ-១៩។

៩-ផ្សារទំនើបជៀហុង មានទីតាំងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១៧:០០នាទីល្ងាច មានអ្នកគ្រប់គ្រងបុគ្គលិកកាស៊ីណូហួយ ហ័រ (ភេទស្រី) រួមជាមួយអ្នកបើកបរជនជាតិខ្មែរ (ផ្ទុកវីរុសកូវីដ-១៩) និងបុគ្គលិកស្រី ១នាក់ទៀតជនជាតិខ្មែរ (ផ្ទុកវីរុសកូវីដ-១៩) បានទៅទិញទំនិញនៅផ្សារទំនើបជៀហុង ហើយក៏បានត្រឡប់មកកាស៊ីណូវិញ។
១០-មន្ទីរសម្រាកព្យាបាល រស្មីបាយ័ន មានទីតាំងនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុមានការពាក់ព័ន្ធដូចជា៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ៧:២៥នាទីព្រឹកមានបុគ្គលិកកាស៊ីណូហួយហ័រ ពីរនាក់ប្តីប្រពន្ធ មានអាការៈក្តៅខ្លួន ឈឺក បានមកពិនិត្យសុខភាព នៅមន្ទីរសម្រាកព្យាបាលខាងលើ គ្រូពេទ្យពិនិត្យឃើញគាត់រលាកបំពង់ក ហើយពួកគាត់ក៏បានវិលត្រឡប់ មកសម្រាកនៅកាស៊ីណូវិញ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លទ្ធផលនៃការពិនិត្យសំណាកតេស្តបញ្ជាក់ថា គាត់មាន វិជ្ជមានវីរុសកូវីដ-១៩ ។

រដ្ឋបាលខេត្តបន្ថែមថា បច្ចុប្បន្នទីតាំងទាំង១០នេះក៏ត្រូវបានរៀបចំដាក់ជាមណ្ឌលចត្តាឡីស័កផងដែរ៕

To Top