នយោបាយ

វិភាគ ៖ កូរ៉េខាងជើង​ ស្វាគមន៍ ដោយមីស៊ីល២គ្រាប់ ដល់ដំណើរទស្សនកិច្ច មន្ត្រីជាន់ខ្ពស់ អាមេរិក មកកាន់តំបន់អាស៊ី

បច្ចុប្បន្នភាព

CNN បានផ្សព្វផ្សាយនៅថ្ងៃពុធ ទី២៤ ខែមីនានេះថា ប្រទេសកូរ៉េខាងជើង បានទទួលស្វាគមន៍ ដោយបាញ់មីស៊ីល ចំនួន២គ្រាប់ ដល់ដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin របស់សហរដ្ឋអាមេរិក មកកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ។

ប្រភពដដែលបានបន្តថា មីស៊ីលទាំង២គ្រាប់ ដែលកូរ៉េខាងជើងបានបាញ់ សាកល្បងកាលពីថ្ងៃអាទិត្យ ទី២១ ខែមីនានេះ ទំនងជាប្រភេទ មីស៊ីលបាញ់តម្រង់គោលដៅ សម្រាប់ការពារឆ្នេរសមុទ្រ (Coastal defense cruise missiles) ដែលប្រទេសឯកោមួយនេះ បានផលិតថ្មី និងជាប្រភេទមីស៊ីលដ៏មានប្រសិទ្ធភាព ។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា គោលបំណងសំខាន់ របស់កូរ៉េខាងជើង ក្នុងការបាញ់សាកល្បងមីស៊ីលនេះ គឺចង់បង្ហាញពីការមិនពេញចិត្ត ចំពោះកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ របស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ។

លោក Jake Sullivan បានបន្ថែមថា ជាទម្លាប់ទៅហើយ របស់កូរ៉េខាងជើង ដែលបាញ់សាកល្បងសព្វាវុធ មានមីស៊ីលជាដើម ដើម្បីបង្ហាញពីការ មិនពេញចិត្តរបស់ខ្លួនលើបញ្ហាអ្វីមួយ ដែលខ្លួនមិនពេញចិត្ត ដោយប្រទេសនេះ មិនទំលាប់ចេញសេចក្តីថ្លែងការណ៍ ឬពិភាក្សាគ្នានោះទេ ដោយបាញ់សាកល្បង សព្វាវុធជាដំណោះស្រាយ ។

ម្យ៉ាងទៀត ការបាញ់សាកល្បងមីស៊ីល របស់កូរ៉េខាងជើង ទំនងជាការឆ្លើយតបទៅនឹងគម្រោង របស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន ដែលនឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នា នៅពេលខាងមុខ ក្នុងគោលដៅ រក្សាស្ថិរភាព សន្តិសុខនៅក្នុងតំបន់ ដែលកូរ៉េខាងជើង ចាត់ទុកថាជាការគំរាមកំហែង ដល់សន្តិសុខរបស់ខ្លួន ។

សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិក នៅតែចាត់ទុកកូរ៉េខាងជើង ជាប្រទេសគំរាមកំហែងសន្តិសុខ អាមេរិកខ្លាំងជាងគេ នៅលើពិភពលោក ដោយសារតែប្រទេសឯកោមួយនេះ មានគ្រាប់បែកនុយក្លេអ៊ែរ និងមានគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វី (ICBM) ដែលអាចវាយប្រហារ ដល់ទឹកដីអាមេរិក និងប្រទេសសម្ព័ន្ធមិត្តអាមេរិក នៅជុំវិញពិភពលោក ។

សូមរំលឹកជូនថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ កូរ៉េខាងជើងបានសាកល្បងអាវុធ នុយក្លេអ៊ែរ ចុងក្រោយរបស់ខ្លួនលើកទី៦ ដែលបណ្តាលអោយមានការរញ្ជួយដី ក្នុងកម្រិត៥,៦នៃរង្វាស់រិកទ័រ និងជាអាវុធនុយក្លេអ៊ែរ មានឥទ្ធិពលខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកបានទម្លាក់នៅកោះ ហ៊ីរ៉ូហ្ស៊ីម៉ា ប្រទេសជប៉ុនទៅទៀត ។

អ្នកជំនាញផ្នែកនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក បាននិយាយថា គ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក បានទម្លាក់នៅកោះ ហ៊ីរ៉ូហ្ស៊ីម៉ា ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥កន្លងទៅ មានឈ្មោះថា Little boy ដែលមានកម្លាំងផ្ទុះត្រឹមតែ១៥គីឡូតោន និងបានសម្លាប់មនុស្ស អស់ប្រមាណជាង១៤ម៉ឺននាក់ ។
ចំណែកគ្រាប់បែកនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងបានសាកល្បង ចុងក្រោយនេះ អាចមានកម្លាំងផ្ទុះខ្លាំងជាង Little boy របស់សហរដ្ឋអាមេរិកទៅទៀត ដែលមានកម្លាំងក្នុងចន្លោះពី៥០ទៅ៦០គីឡូតោន ហើយបើតាមការអះអាង របស់កូរ៉េខាងជើង នុយក្លេអ៊ែរដែលខ្លួន បានសាកល្បងចុងក្រោយនេះ គឺជាប្រភេទគ្រាប់បែកអ៊ីដ្រូសែន ។

កាលពីឆ្នាំ២០១៧ដដែល ក្នុងខែវិច្ឆិកា កូរ៉េខាងជើងក៏បានបាញ់ សាកល្បងផងដែរ នូវមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) និងបានហោះហើររយៈចម្ងាយជាង១២០០០គីឡូម៉ែត្រ ដែលគ្រប់ដណ្តើមលើទឹកដីអាមេរិក ទាំងមូល ដែលនេះជាការបង្ហាញ ពិភពលោក រួមទាំងសហរដ្ឋអាមេរិកអោយឃើញថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរហើយ ។

រហូតមកដល់ឆ្នាំ២០២១នេះ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅតែបន្តមានភាពតានតឹង ផ្នែកការទូត និងប្រឈមមុខដាក់គ្នាខាងយោធាដដែល ក្រោយពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបរាជ័យក្នុងដំណោះស្រាយកូរ៉េខាងជើង ។

ដើមចមនាំអោយកើតរឿង

លោក Jerffrey Lewis សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សា អន្តរជាតិ Middlebury (Middlebury Institute of International Studies) បាននិយាយថា ដើមចមដែលនាំអោយភាពតានតឹង រវាងកូរ៉េខាងជើង និងអាមេរិក នៅតែ បន្តកើតមាន គឺដោយសារប្រទេសទាំង២ មិនមានយុទ្ធសាស្ត្រចុះសម្រុងគ្នា ក្នុងការស្វែងរកដំណោះស្រាយ ។

ឧទាហរណ៍ យុទ្ធសាស្ត្រមិនចុះសម្រុងគ្នាក្នុងការស្វែង រកដំណោះស្រាយវិបត្តិ នុយក្លេអ៊ែរកូរ៉េខាងជើង របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺអតីតប្រធានាធិបតីរូបនេះ ចង់អោយកូរ៉េខាងជើងបោះបង់ចោលកម្មវិធី នុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់ខ្លួនទាំងស្រុង ជាថ្នូរនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

អ្នកជំនាញជាច្រើនបានលើកឡើងថា យុទ្ធសាស្ត្ររបស់លោក ត្រាំ នេះ មិនទទួល បានជោគជ័យទេ ពីព្រោះកូរ៉េខាងជើង ទំនងជាមិនបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យា មីស៊ីល របស់ខ្លួនទៅតាមការចង់ បានរបស់លោក ត្រាំ នោះទេ ហើយការចរចានេះកូរ៉េខាងជើង គ្រាន់តែចង់បានការលើកលែង ទណ្ឌកម្មសេដ្ឋកិច្ចតែប៉ុណ្ណោះ ។

ចំពោះយុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន វិញ ក្នុងការស្វែង រកដំណោះស្រាយវិបត្តិនុយក្លេអ៊ែរ កូរ៉េខាងជើង ទំនងជាទទួលបានជោគជ័យ ដោយសារយុទ្ធសាស្ត្ររបស់លោក ចូ បៃដិន គឺមិនចង់អោយកូរ៉េខាងជើង បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលនោះទេ គឺចង់គ្រប់គ្រងជាលក្ខណៈអន្តរជាតិវិញ ។

លោក ចូ បៃដិន ធ្លាប់អះអាងថា អាមេរិក និងអន្តរជាតិ នឹងគ្រប់គ្រង កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល របស់កូរ៉េខាងជើង តាមរយៈការដាក់ជា វិធានការច្បាប់ ដែលនឹងត្រូវបានចុះហត្ថលេខា ដោយកូរ៉េខាងជើង និងអន្តរជាតិ តាមរយៈការចរចា ៕
ដោយ ៖ អ៊ី ជិន

To Top
×