កោះកុង: ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីសមាសភាពអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង និងលេខាធិការ ការស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ។ល។ ការត្រៀមរៀបចំផែនការ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ អត្ថប្រយោជន៍ នៃការប្រលប្រាស់ប្រព័ន្ធ QR Code ក្នុងខេត្តកោះកុង។
ក្នុងកិច្ចប្រជុំលោកស្រី មិថុនា ភូថងអភិបាលខេត្ត បានលើកឡើងថា ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺបានតាមរយៈកិច្ចខិតខំប្រឹងប្រែង និងសហការ របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា ក្នុងក្របខណ្ឌទូទាំងខេត្ត។
លោកស្រីអភិបាលខេត្តបានបន្តថា មន្ត្រីជំនាញយើងបានត្រៀមកំណត់ទីតាំងចាក់វ៉ាក់សាំងសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ ដោយជំរុញមានការស្រង់ទិន្នន័យជាក់លាក់ និងកំណត់យកទីតាំង ចំនួន៣ ៖
១-មន្ទីរពេទ្យស្រុកស្រែអំបិល
២-មណ្ឌលសុខភាពឃុំភ្ញីមាស ស្រុកគិរីសាគរ និង
៣-មន្ទីរពេទ្យខេត្តកោះកុង។ដោយឡែកមន្ទីរធម្មការ និងសាសនាខេត្ត ត្រូវស្រង់ទិន្នន័យព្រះសង្ឃ និងតាជីយាយជី ដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងវត្តឲ្យត្រឹមត្រូវនៅទូរលេខទិន្នន័យឲ្យបានច្បាស់។
ហើយអាជ្ញាធរក្រុង ស្រុក និងមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត ត្រូវស្រង់ស្ថិតិមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងការពារកូវីដ រួចផ្ញើមកក្រុមការងារលេខាធិការដ្ឋាន អោយបានលឿនតាមការកំណត់ (ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១)ដើម្បីត្រៀមក្រុមអ្នកស្ម័គ្រចិត្ត ដូចជាយុវជននានា ដើម្បីជួយដល់យុទ្ធនាការចាក់វ៉ាក់សាំងនាពេលខាងមុខ។
ត្រៀមបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ ការចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំថ្ងៃ៕