នយោបាយ

តំណាងកម្ពុជា ប្រចាំUN៖ គួរឲ្យអស់សំណើចដែល ហ្វាំងឡង់ ទើបប្រកាសបិទប្រទេស បែរជាមកទាមទារ ឲ្យកម្ពុជា គោរពសិទ្ធិមនុស្សទៅវិញ

ភ្នំពេញ ៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN)បានសើចចំអកប្រទេសហ្វាំងឡង់ដែលទើបប្រកាសបិទប្រទេស និងដាក់ប្រទេសក្នុងភាពអាសន្នធ្វើឲ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន នាពេលថ្មីៗនេះ បែរជាមកទាមទារឲ្យកម្ពុជាគោរពសិទ្ធិពលរដ្ឋ និងនយោបាយជាងសិទ្ធិដទៃទៀត ក្នុងករណីកម្ពុជាបង្កើតច្បាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

នាសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពីកិច្ចសហប្រតិបត្តិការបចេ្ចកទេស “សិទ្ធិឆ្លើយតបទៅនឹងគណៈប្រតិភូហ្វាំងឡង់” កាលពីថ្ងៃទី២៣ មីនា តំណាងអចិន្ត្រៃយ៍កម្ពុជាបានមានប្រសាសន៍ថា ជាការកត់សម្គាល់ដោយការខកចិត្តយ៉ាងខ្លាំង ចំពោះគណៈប្រតិភូហ្វាំងឡង់ដែលបានបដិសេធមិនប្រកាន់យកវិធីសាស្រ្តប្រកបដោយភាពសត្យានុម័ត មិនជ្រើសរើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្មនៅពេលវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។

ក្នុងន័យនេះ លោក អាន សុខខឿន បានអំពាវនាវឲ្យកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការមិនអើពើរបស់ហ្វាំងឡង់ចំពោះការពិតនៅកម្ពុជា។

តំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន បញ្ជាក់ច្បាស់ៗថា «ជារឿងគួរឲ្យអស់សំណើចដែលហ្វាំងឡង់ ទើបប្រកាសបិទប្រទេស និងដាក់ប្រទេសក្នុងភាពអាសន្នធ្វើឲ្យមានការរឹតត្បិតសេរីភាពមូលដ្ឋានរបស់ប្រជាជនខ្លួន នាពេលថ្មីៗនេះ បែរជាមកទាមទារឲ្យកម្ពុជា គោរពសិទ្ធិពលរដ្ឋនិងនយោបាយ ជាងសិទ្ធិដទៃទៀត។ ទង្វើនេះគឺងាកចេញពីគន្លងនៃវិធីសាស្ត្ររបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម អាន់តូនីញ៉ូ គូតែរ៉េសដែលធ្លាប់បានគូសបញ្ជាក់ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ថា សិទ្ធិមនុស្សមិនត្រូវក្លាយជាមធ្យោបាយ ដើម្បីអនុវត្តស្ដង់ដារពីរ ឬជាឧបករណ៍ ដើម្បីសម្រេចរបៀបវារៈលាក់ពុតណាមួយឡើយ។ លើសពីនេះ សេចក្ដីសម្រេចចិត្តនានារបស់អង្គការសហប្រជាជាតិក៏បានបញ្ជាក់ដែរថា សិទ្ធិមនុស្សទាំងអស់ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងសិទ្ធិទទួលបានការអភិវឌ្ឍ ត្រូវបានចាត់ទុកថាមានតម្លៃស្មើគ្នា ឈរលើជំហរតែមួយ និងមានសារៈសំខាន់ដូចៗគ្នា» ។

លោកបន្តថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ដែលត្រូវបានអនុម័តនាពេលថ្មីៗនេះ ដោយសភាទាំងពីរថ្នាក់របស់កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រភាព។ ច្បាប់នេះពុំមានគោលបំណងដាក់ទោសទណ្ឌលើបុគ្គលណាម្នាក់នោះទេ ផ្ទុយទៅវិញច្បាប់នេះមានគោលបំណងការពារអាយុជីវិត និងលើកទឹកចិត្តពលរដ្ឋគ្រប់រូបឲ្យចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាពសុខភាពសាធារណៈ និងអាយុជីវិតដ៏មានតម្លៃរបស់ពលរដ្ឋ។ ដូចក្នុងបណ្ដាប្រទេសលោកខាងលិចដែរ វិធានការទាំងនោះនឹងត្រូវអនុវត្តចំពោះតែបុគ្គលទាំងឡាយណាដែលបំពានច្បាប់បង្កឲ្យមានការចម្លងជំងឺរាតត្បាតចូលក្នុងសហគមន៍ប៉ុណ្ណោះ ដោយផ្អែកលើប្រភេទបទល្មើស និងចេតនាក្នុងការប្រព្រឹត្ត ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១១ មីនា សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទីបានចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។ ច្បាប់នេះមាន៦ជំពូក និង១៨មាត្រា គឺត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការទោសប្បញ្ញត្តិ និងសមត្ថកិច្ចដែលត្រូវអនុវត្តសំដៅ ការពារអាយុជីវិតប្រជាពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ៕

To Top