ព័ត៌មានជាតិ

KOICA ផ្ដល់ជំនួយជាង២លានដុល្លារ ក្នុងគម្រោងបង្កើតផែនការមេ សម្រាប់គ្រប់គ្រង ធនធានទឹកចម្រុះ នៅភាគខាង កើតទន្លេមេគង្គ របស់កម្ពុជា

ភ្នំពេញ ៖ លោក Rho Hyunjun នាយកទីភ្នាក់ងារកយកាប្រចាំ ប្រទេសកម្ពុជា (KOICA) នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានជំនួយឥតសំណង ជាង២លានដុល្លារ ជាមួយ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧត្តុនិយម (MoWRAM) លើគម្រោងបង្កើតផែនការមេ សម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះ នៅតំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ទីភ្នាក់ងារកយកា ប្រចាំកម្ពុជា នាថ្ងៃទី២៥ មីនា បញ្ជាក់ ថា «គម្រោងនេះ ជាជំនួយឥតសំណង ប្រមាណជា២លានដុល្លាសហរដ្ឋអាមេរិច ដែលនឹងត្រូវបានអនុវត្ត ក្នុងរយៈពេល២៤ខែ ចាប់ពីឆ្នាំ២០២១ ដល់២០២៣ ក្នុងខេត្តព្រៃវែង និងស្វាយរៀង។ ផ្នែកសំខាន់ៗ របស់គម្រោង រួមមាន ៖ ការបង្កើតផែនការមេក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ សម្រាប់តំបន់ដីសណ្តរភាគខាងកើត ទន្លេមេគង្គ , ការសិក្សាលទ្ធភាពបឋម និងការគាំទ្រការអភិវឌ្ឍន សមត្តិភាព»។

ជាងនេះទៅទៀត គម្រោងនេះ មានគោលបំណង ដើម្បីកាត់បន្ថយផល់ប៉ះពាល់ ដែលបង្កឡើងដោយមហន្តរាយ គ្រោះធម្មជាតិនានា ដូចជា គ្រោះទឹកជំនន់នៅរដូវវស្សា និងគ្រោះរាំងស្ងួត នៅរដូវប្រាំង ហើយដើម្បីបង្កើនផលិតកម្មកសិកម្ម សម្រាប់ការធ្វើឲ្យប្រសើរឡើង នូវការអភិវឌ្ឍនសេដ្ឋកិច្ច ក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់ ។ ជាមួយគ្នានេះដែរ គម្រោងនេះ ក៏មានគោលបំណង ដើម្បីបង្កើនគុណភាព ជីវិតរបស់ប្រជាជន នៅក្នុងតំបន់គោលដៅ តាមរយៈការបង្កើន ប្រាក់ចំណូលរបស់កសិករ ៕

To Top