ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នាថ្ងៃទី២៥ ខែមីនានេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ចំពោះទឹកចិត្តដ៏ថ្លៃថ្លា ដែលបានជួយឧបត្ថម្ភថវិកា ដល់ក្រុមប្រតិបត្តិការដឹកពលករខ្មែរ មកពីប្រទេសថៃ ។
ថវិកានេះបានឧបត្ថម្ភ ដល់ក្រុមប្រតិបត្តិការ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលកំពុងប្រចាំការ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ខេត្តប៉ៃលិន ក្នុងម្នាក់ៗ ចំនួន២០ម៉ឺនរៀល សម្រាប់បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។
តាមរយៈផេក កងពលតូចដឹកជញ្ជូនលេខ៩៩ លោក ហ៊ុល សំអុន បានសរសេរសារថ្លែងអំណរគុណថា “ជំនួសមុខឲ្យបងប្អូនកងទ័ព សូមគោរពថ្លែងអំណរគុណ និងគោរព ជូនពរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៏ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ នឹងទទួលបានជោគជ័យ គ្រប់ភារកិច្ច ព្រមទាំងប្រកបដោយ ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ“៕

