ព័ត៌មានជាតិ

សម្ដេចតេជោសង្ឃឹមថា ម្ចាស់ផ្ទះជួលផ្សេងទៀត នឹងមិនយកថ្លៃឈ្នួល ក្រោយម្ចាស់ផ្ទះជួលនៅពោធិ៍សាត់ ប្រកាសមិនយក

ភ្នំពេញ ៖ ក្រោយពីមានប្រជាពលរដ្ឋ និងជាម្ចាស់បន្ទប់ជួល ចំនួន៤៦បន្ទប់ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រកាសមិនយកថ្លៃឈ្នួលស្នាក់នៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងជាគំរូដ៏ល្អមួយ ហើយសង្ឃឹមថា នឹងមានម្ចាស់ផ្ទះជួលផ្សេងៗ ទៀត ចូលរួមជួយរាជរដ្ឋាភិបាលទៅតាម លទ្ធភាពដែលអាចធ្វើទៅបាន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា «នេះពិតជាសកម្មភាពជួយដល់សង្គមជាតិ ពិសេសជួយដល់កម្មករកម្មាការិនី ដែលកំពុងប្រឈមជាមួយការលំបាកបង្កឡើងដោយកូវីដ១៩។ សង្ឃឹមថា នឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងទៀត ចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន»។

មានម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ Heng Norin បានបង្ហោះថា «ខ្ញុំបាទ ហេង វាសនា និងភរិយាដែលរស់នៅក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សូមប្រកាសថា បើខេត្តពោធិ៍សាត់យើងទៅមុខទៀត មានបញ្ហាកូវីដអីកើតឡើង ខ្ញុំនឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំង៤៦បន្ទប់ រហូតខេត្តយើងដំណើរការជាធម្មតាឡើងវិញ”។

លោកថា នេះជាការជួយសំរាលដល់អ្នកកំពុងស្នាក់នៅ និងជួយសំរាលដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ និងអភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន ៕

To Top