ភ្នំពេញ ៖ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារ អាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារ តាមបណ្តោយ ដងទន្លេសាបរួចរាល់ ខណៈកំពុងបន្តស្តារលូ នៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហូរ នារដូវវស្សាខាងមុខ ។



រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង ជាអភិបាល រាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការកសាងហេដ្ឋា រចនាសម្ព័ន្ធនានា ទាំងការស្តារប្រឡាយ លូ ស្ថាបនាលូថ្មីៗ មានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់២ម៉ែត្រ ទោះជាពេលនេះ រាជធានីភ្នំពេញ កំពុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដោយ ជាក់ស្ដែង ពេលនេះ ក្រុមការងារសាលារាជធានីភ្នំពេញ បានធ្វើសកម្មភាព ស្តារអាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារ តាមបណ្តោយដងទន្លេរសាប ចាប់ពីមុខផ្សារចាស់ រហូតដល់សាលសន្និសីទចតុមុខ និងនៅរោងដំរីខាងត្បូង ព្រះបរមរាជវាំង និងកំពុងស្តារលូនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហូរ ដើម្បីបញ្ជៀស ការលិចលង់ក្នុងរដូវវស្សា។



លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ ក្រុមការងារអង្គភាពលូទឹកបូម បាននិងធ្វើសកម្មភាពស្ដារ អាងស្តុបទឹកកខ្វក់ នៅតាមបណ្តោយដងទន្លេរសាប ចាប់ពីផ្សារចាស់រហូតដល់ សាលសន្និសីទចតុមុខ និងនៅរោងដំរីចំនួន៥អាង ក្នុងនោះនៅតាមបណ្តោយដងទន្លេសាប ចំនួន៤អាង និងនៅរោងដំរី ចំនួន១អាង ហើយការងារនេះ បានបញ្ចប់ហើយ កាលពីល្ងាចថ្ងៃ២៥ មីនា ។
ជាមួយគ្នានេះដែរ ក្រុមការងារមួយក្រុមទៀត ក៏បាននិងកំពុងស្តារលូ នៅតាមបណ្តោយ ផ្លូវព្រះមុនីវង្សផងដែរ ដើម្បីសម្រួលផ្លូវទឹកហូរ បញ្ជៀសការលិច ក្នុងរដូវវស្សាខាងមុខនេះ។



ពាក់ព័ន្ធពាក់ព័ន្ធ នឹងការស្ដារប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញនេះ លោកដួង ចាន់សារ៉ាត់ ក៏បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមសហការ ដោយកុំទុកដាក់សំរាម នៅមាត់លូ លើគំរបលូ ឬនៅមុខលូជាដើម ដែលធ្វើឲ្យសំរាមទាំងនោះ ហូរមកបាំងមុខលូ ពេលមានភ្លៀងធ្លាក់ម្ដងៗ ។
លោកក៏បានស្នើ សុំឲ្យប្រជាពលរដ្ឋ ចូលរួមសហការដោយកាយសំរាម ចេញពីមុខ ឬមាត់លូ ជៀសវាង ឲ្យបាននូវការបិទមាត់លូ ព្រោះតែខ្លាចមានក្លិនស្អុយ ៕
