ភ្នំពេញ ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅសម្រាកព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅរក្សាសុខ ស្ថិតនៅផ្លូវលេខ១០៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រដ្ឋបាលខេត្តនេះ បានផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវ ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយទីតាំង ដែលអ្នកជំងឺបានទៅ ត្រូវពិនិត្យសុខភាព (អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និង ត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យ ត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាព ប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅ លើសពី៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក ត្រូវប្រញាប់ទំនាក់ទំនង ទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្ត ៕