ភ្នំពេញ ៖ លោកឧកញ៉ា គិត ចាន់ថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានឧបត្ថម្ដ ជាអង្ករចំនួន៥តោន ម៉ាស់៥កេសធំ និងទឹកបរិសុទ្ធចំនួន៥០កេស ជូនដល់រដ្ឋបាលខេត្តពោធ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការ ការបង្ការ ការពារ និងទប់ទល់នឹងជំងឺកូវីដ-១៩ (Covid-19) នៅក្នុ្ងខេត្តពោធិសាត់។
ជាមួយគ្នានេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា គិត ចាន់ថា លោកស្រី ទិត សុខុម និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភអង្ករ និងម៉ាស់ធំ សម្រាប់ប្រើប្រាស់ក្នុងវិធានការ ការបង្ការ ការពារ និងទប់ទល់នឹងជំងឺកូវីដ-១៩ (Covid-19) នៅក្នុ្ងខេត្តពោធិសាត់។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ លោកឧកញ៉ា គិត ចាន់ថា ក៏បានប្រគល់អំណោយ សប្បុរសធម៌ ជាអង្ករចំនួន១០តោន និងម៉ាស់១០កេសធំ ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយជនរងគ្រោះ ដែលកំពុងជួបការខ្វះខាតផងដែរ ។
លោកឧកញ៉ា គិត ចាន់ថា បានលើកឡើងថា អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន បើទោះបីជាស្ថិតក្នុងគ្រាដ៏លំបាក ដែលយើងទាំងអស់គ្នាបាន និងកំពុងប្រឈមជាមួយជំងឺរាតត្បាត សកលកូវីដ-១៩ក៏ដោយ ក៏សប្បុរសជនគ្រប់មជ្ឈដ្ឋាន នៅតែឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងបង្ហាញពីស្មារតី នៃវប្បធម៌ ចែករំលែកដល់កាកបាទ ក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដោយមិនមានការរើសអើង ពូជសាសន៍ ជំនឿ សាសនា និងប្រកាន់និន្នាការ នយោបាយឡើយ ៕