ព័ត៌មានជាតិ

«មន្ទីរពេទ្យ ស្រ្តីនគរទេព នឹងប្រែក្លាយទៅជា មន្ទីរពេទ្យ ហ្លួងម៉ែ»

ភ្នំពេញ៖ អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃ ដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួងម៉ែ » បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានតបតាមសេចក្តីក្រាបបង្គំទូលថ្វាយ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រសិទ្ធនាមមន្ទីរពេទ្យស្រ្តីនគរទេព ទៅជា មន្ទីរពេទ្យ ហ្លួងម៉ែ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់ការចរចារក្នុងការទិញយកមន្ទីរពេទ្យនេះ នាពេលខាងមុខហើយប្រែក្លាយទៅជាកន្លែង សម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ។ 

យោងតាមគេហទំព័រ Royal du Cambodge បានឲ្យដឹងបន្ថែមថាអង្គសម្តេចព្រះមហាក្សត្រី ព្រះវររជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជតម្រិៈដង្ហែតាមជានិច្ចចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿង នៃយើងដែលព្រះអង្គតែងតែមានព្រះរាជហឫទ័យទុកដាក់ ខ្ពស់ចំពោះវិស័យសុខាភិបាល ជាពិសេសបញ្ហាសុខភាព របស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ តាមរយៈការប្រោសព្រះរាជទាន ព្រះរាជអំណោយជាព្រះរាជសមិទ្ធផលនានាជាច្រើន ដែលបម្រើឲ្យវិស័យសុខាភិបាលទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រោសព្រះរាជទានព្រះរាជទ្រព្យជូនដល់តាមបណ្តាមន្ទីរពេទ្យនានា ដើម្បីគាំទ្រដំណើរការពិនិត្យព្យាបាល ជូនដល់ប្រជានុរាស្រ្តជាកូនចៅ ព្រមទាំងព្រះរាជសកម្មភាពជាច្រើន ឥតគណនាផ្សេងទៀត ៕

To Top