ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បានធ្វើការពន្យល់ថាក្នុងករណីដែលមានការសង្ស័យថាសាកសពអាចមានផ្ទុកមេរោគកូវីដ-១៩គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាលដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកគឹម សន្តិភាពនៅថ្ងៃទី២៨មីនានេះបានពន្យល់បន្ថែមថា ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគសាកសព ត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណីដែលលទ្ធផលនៃការវិភាគវត្ថុសំណាកបញ្ជាក់ថា សាកសពគ្មានផ្ទុកមេរោគកូវីដ-១៩នោះទេក្រសួងសុខាភិបាល ត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត”។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យដឹងបន្ថែមថាការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ចដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ៕
