ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថាពិភពលោក កំពុងឈានទៅរកភាពអនាធិបតេយ្យនៃនយោបាយទណ្ឌកម្មនិយម ដែលផ្តើមឡើងដោយអាមេរិកនិងសម្ព័ន្ធមិត្ត ព្រោះថាចិននិងសម្ព័ន្ធមិត្តរបស់គេក៏មិននៅស្ងៀមដែរ គេនឹងរួមគ្នាប្រតិកម្មតបទៅវិញតាមគោលការណ៍បដិការ ។
លោក ជិន ម៉ាលីន បានលើកឡើងបែបនេះស្របពេលដែលមហាអំណាចអាមេរិកនិងចិនកំពុងមានទំនាស់ពាណិជ្ជកម្មជាមួយគ្នាយ៉ាងស្រួចស្រាវរហូតដល់អូសទាញសម្ព័ន្ធមិត្តរៀងៗខ្លួនមកពាក់ព័ន្ធផងដែរ។
លោក ជិន ម៉ាលីន បានលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៨ មីនានេះថា “ពិភពលោក កំពុងឈានទៅរកភាពអនាធិបតេយ្យនៃនយោបាយទណ្ឌកម្មនិយមដែលផ្តើមឡើងដោយអាមេរិកនិងសម្ព័ន្ធមិត្តព្រោះថាចិននិងសម្ព័ន្ធមិត្តរបស់គេក៏មិននៅស្ងៀមដែរគេនឹងរួមគ្នាប្រតិកម្មតបទៅវិញតាមគោលការណ៍បដិការ ដូចជាការចេញរបាយការណ៍ពីការរំលោភសិទ្ធិមនុស្ស និងការដាក់ទណ្ឌកម្មនានាលើបុគ្គល ថ្នាក់ដឹកនាំ ស្ថាប័នមួយចំនួន និងប្រទេសទាំងមូល”៕