ព័ត៌មានជាតិ

JCI សាខាច្បារអំពៅ បង្កើតយុទ្ធនាការ ផ្សព្វផ្សាយសារអប់រំ ផ្តោតលើ ៤ចំណុច ដល់ពលរដ្ឋ តាមរយៈ​ «ទិវាច្បារអំពៅ»

ភ្នំពេញ​៖ «ទិវាច្បារអំពៅ» ជាកម្មវីធីមួយ ដែលបង្កើតឡើងដោយ សភាយុវពាណិជ្ចករអន្តរជាតិ-កម្ពុជា (JCI Cambodia) សាខាច្បារអំពៅ ហើយធ្វើឡើងនេះ គឺតាមរយៈយុទ្ធនាការ ធ្វើការផ្សព្វផ្សាយរួមគ្នា ចែកលំលែក ដើម្បីពលរដ្ឋ សហគមន៍ តំបន់ច្បារអំពៅ ឲ្យកាន់តែល្អប្រសើរ ឡើងលើអនាម័យ និងបរិស្ថាន ច្បាប់ចរាចរណ៍ ការអប់រំ កីឡានិងសុខភាព ច្បារអំពៅក្លាយជា សហគមន៍គំរូ ក្នុងរាជធានីភ្នំពេញ។

កញ្ញា អ៊ុយ អ៊ែលណា ប្រធានសភាយុវពាណិជ្ជករកម្ពុជា សាខាច្បារអំពៅ ឆ្នាំ២០២១ បានឲ្យដឹងថា «ទិវាច្បារអំពៅ» ដែលនឹងគ្រោងធ្វើ​ នៅក្នុងតំបន់ច្បារអំពៅ រយៈពេល១ខែ ដោយចាប់ផ្តើម ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដល់០៦ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ អំពី អនាម័យ និងបរិស្ថាន ច្បាប់ចរាចរណ៍ ការអប់រំ កីឡា និងសុខភាពជាដើម ដើម្បីជាលំនាំ នៃឧទាហរណ៍មួយ ក្នុងការលើកទឹកចិត្ត សម្រាប់ប្រជាជន និងម្ចាស់អាជីវកម្មនានា នៅក្នុងសហគមន៍ តំបន់ច្បារអំពៅ រួមចំណែកអនុវត្តទាំងអស់គ្នា។

កញ្ញាប្រធាន បានបន្តថា៖ គឺផ្តោតសំខាន់លើ ប្រធានបទ៤ធំៗ គឺ៖
១-សុវត្ថិភាពការធ្វើដំណើរ៖

ការពារសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសារអ្នក នៅលើដងវិថី គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នា។ ពាក់មួកសុវត្ថិភាព ឲ្យកូនៗរបស់អ្នក ដើម្បីការពារ ជីវិតក្រុមគ្រួសារអ្នក។ ដូច្នេះបងប្អូនអាចចូលរួមជាមួយយើង ក្នុងទិវាច្បារអំពៅ ដើម្បីជំរុញការ​ ពាក់មួកសុវត្ថិភាព​ របស់បងប្អូនផ្សេងទៀត លើដងវិថីរួមគ្នា ដើម្បីកាត់បន្ថយ ការរងគ្រោះដោយសារ ធ្វើដំណើរមិនពាក់មួកសុវត្ថិភាព។

២-ការអប់រំ៖

ចំណេះជាអាហារ ហូបយ៉ាងណាក៏មិនចេះអស់! ការបង្ហាត់បង្រៀន ទាំងចំណេះដឹង និងចំណេះធ្វើ ទៅដល់កុមារនៅផ្ទះ ប្រៀបបានជានឹងការ ត្រួសត្រាយផ្លូវ ឲ្យកូនៗរបស់លោកអ្នក យល់ដឹង ពីបរិយាកាសខាងក្រៅ របៀបសម្របខ្លួន ទៅតាមកាលៈទេសៈ ក៏ដូចជាការផ្តល់ទុនមួយ ឲ្យទៅពួកគេដោយចាយមិនចេះអស់។ ជាមួយនឹង ទិវាច្បារអំពៅ ពួកយើងមានគោលបំណង ចង់ឲ្យឪពុកម្ដាយគ្រប់រូប ចេះបង្ហាត់បង្រៀន ទាំងចំណេះដឹង និងស្មារតីទៅដល់កូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេមានភាពរឹងមាំ កាន់តែខ្លាំងជាងមុន។ ទាំងអស់គ្នាដើម្បីលើកកម្ពស់ ការអប់រំរបស់កុមារ និងដើម្បីឱ្យពួកគេ ក្លាយទៅជាបុគ្គលជោគជ័យ មួយរូប នៅថ្ងៃអនាគត។

៣-ការថែរក្សាបរិស្ថាន និងអនាម័យ៖

គោលបំណង ចង់ឲ្យតំបន់ច្បារអំពៅ ប្រជាជននៅក្នុងតំបន់ ក្នុងក៏ដូចជាប្រជាជនជុំវិញ តំបន់ច្បារអំពៅ មានបរិស្ថាន ស្អាត ទទួលបាននូវអាកាសធាតុ និងអុកស៊ីសែនល្អសម្រាប់ដកដង្ហើម និងជាពិសេសដើម្បីធានាបាន នូវសុខភាពល្អ ជៀសឆ្ងាយ ពីជម្ងឺផ្សេងៗ ដែលបណ្តាលមកពីបរិស្ថានមិនស្អាត។ យើងរួមគ្នាសំអាត សំរាមទាំងអស់គ្នាឲ្យបានល្អ វេចខ្ចប់សំរាមឲ្យបានល្អ ត្រូវចេះបែងចែក សំរាមតាមប្រភេទនីមួយៗ រួចយកទុកដាក់ក្នុងធុងសំរាម ស្តុកទុក នៅកន្លែងងាយស្រួល ដល់បងប្អូនអ្នកប្រមូល សំរាម។

៤- សុខភាព និង កីឡា៖

គឺជាកត្តាសំខាន់ណាស់ សម្រាប់មនុស្សយើងម្នាក់ៗ មិនថាមនុស្សចាស់ យុវវ័យ កុមារ នោះទេនិយាយជារួម គឺគ្រប់គ្នាត្រូវការ នូវសុខភាពល្អ។ មានអ្វីៗជាច្រើន តែបើសុខភាពល្អ នោះគ្រប់យ៉ាងគឺលែង សមប្រកបហើយ។ គឺបានន័យថាអ្វីៗ កន្លងមកដែលយើង ខិតខំប្រឹងប្រែង នឹងត្រូវទៅជាអាសារបង់ ជាក់ជាមិនខានឡើយ ហេតុនេះសូមនាំគ្នា ហាត់ប្រាណ ដើម្បីសុខភាព នាំមនុស្សជាទីស្រឡាញ់​ របស់យើងទៅហាត់ប្រាណ គឺបានសុខភាពល្អ បានរាងស្អាតហើយ បាននូវការ ទំនាក់ទំនងល្អថែមទៀត។ ជាចុងក្រោយកញ្ញាប្រធានបានអំពាវនាវដល់ បងប្អូនពលរដ្ឋ អាជីវករ យុវជន យុវសិស្ស សហគមន៍ច្បារអំពៅ រួមគ្នាធ្វើ រួមគ្នាចែករំលែក គឺត្រូវធ្វើទាំងអស់គ្នា ដើម្បីច្បារអំពៅ យើងក្លាយជាសហគមន៍គំរូល្អ ក្នុងរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរ សម្រាប់គម្រោងមួយនេះ ត្រូវបានឧបត្តម្ភ ដោយក្រុមហ៊ុន Gold Financial Global Investment Co., Ltd., សាលាភាសាអង់គ្លេសលីដឺលែន, ក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន, ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូន ដឹកKH និងទទួលបានឧបត្តម្ភ ផ្នែកផ្សព្វផ្សាយ ដោយក្រុមហ៊ុន Zoom Design, ក្រុមហ៊ុន Bravo Event Arrangement Co., Ltd., ក្រុមហ៊ុន OOM, ក្រុមហ៊ុន Sabay Digital, កាសែតកោះសន្តិភាព, និងគេហទំព័រ ​ដើមអម្ពិល។

សភាយុវពាណិជ្ចករអន្តរជាតិ-កម្ពុជា សាខាច្បារអំពៅ​ ក៏បានសម្តែងការអរគុណ​ ទៅដល់ក្រុមសិល្បៈក ដែលបានចូលរួម ជាមួយសកម្មភាពនេះ មានដូចជា កញ្ញា សាឡាត់ ស្រីឡាង, លោក ពុធ មិថុនា, កញ្ញា គៀត សុវណ្ណាឡាង, លោក ហេង វាសនា, Mr. Rainnie Dara, Linna Sun៕

To Top