ព័ត៌មានជាតិ

ក្រសួងអប់រំហាមមិនឲ្យគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទទួលការឧបត្ថម្ភ ពីឧស្សាហករថ្នាំជក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានហាមមិនឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយ ឬទទួលការ ឧបត្ថម្ភពីឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយក្នុងសកម្មភាពសប្បុរសធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬសិក្សាស្រាវជ្រាវក៏ដោយ។ នេះបើយោងតាមសេចក្តីណែនាំ របស់ក្រសួង នៅថ្ងៃ១៧ កុម្ភៈ ។

ក្នុងនោះសេចក្តីណែនាំ ហាមឃាត់កិច្ចសហការ និងសហប្រតិបត្តិការ រវាងឧស្សាហករថ្នាំជក់ជាមួយនឹងអង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សាគ្រប់កម្រិតទាំង សាធារណៈនិងឯកជន។ ខ្លឹមសារគោលនៃសេចក្តីណែនាំនេះ គឺហាមមិនឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយ ឬទទួលការឧបត្ថម្ភពី ឧស្សាហករថ្នាំជក់ ទោះក្នុងគោលបំណងណាមួយជាអាទិ៍ សកម្មភាពសប្បុរ សធម៌ ទស្សនកិច្ចសិក្សា ហាត់ការងារ ផ្លាស់ប្តូរបទពិសោធន៍ ឬ សិក្សាស្រាវ ជ្រាវ។ ការផ្តល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សហករណ៍ថ្នាំជក់ ក៏ត្រូវបានហាមឃាត់។

សេចក្តីណែនាំនេះជាផ្នែកមួយនៃការចូលរួម អនុវត្តអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ផងដែរច ។ មាត្រា៥.៣ នៃអនុសញ្ញាបានចែងថា សុខភាពសាធារណៈ និងឧស្សាហកម្មថ្នាំជក់មានទំនាស់ផលប្រយោជន៍នឹងគ្នាមិនអាចផ្សះផ្សារបាន ដោយសារក្រុមហ៊ុនថ្នាំជក់ផលិត និងផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ ដែលតាមរយៈលក្ខណៈវិទ្យាសាស្រ្តបានរកឃើញថា បង្កឲ្យញៀន ឈឺ ពិការស្លាប់ និងបញ្ហាសង្គមផ្សេងៗរួមទាំងភាពក្រីក្រ។

ក្រសួងដាក់ចេញសេចក្តីណែនាំនេះ ដោយសង្កេតឃើញថាគ្រឹះស្ថានសិក្សាមួយចំនួនតូចមានការភ្លាំងភ្លាត់ឬយល់ច្រឡំក្នុងការកៀរគរការគាំទ្រពីឧស្សាហករថ្នាំជក់ ដែលបណ្តាលឲ្យមានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្មតាំង នៅក្នុងកម្មវិធីនានារបស់គ្រឹះស្ថានសិក្សាខ្លួន។

បើតាមអង្គការចលនាដើម្បីសុខភាពកម្ពុជា កម្មវិធីទំនួលខុសត្រូវសង្គម (CSR)របស់ឧស្សាហករថ្នាំជក់ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលថ្នាំជក់របស់ខ្លួន និងជាទម្រង់មួយនៃការស្វែងរកទីផ្សារ ហើយសេចក្តីណែនាំរបស់ក្រសួងគឺជាការចូលរួមរបស់ក្រសួងក្នុងការអនុវត្តវិធានការហាមឃាត់ការផ្សព្វផ្សាយលក់ ការស្វែងរកទីផ្សារលក់ផលិតផលថ្នាំជក់ ដែលត្រូវបានហាមឃាត់ទាំងស្រុងដោយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។

បន្ថែមលើនេះទៀត តាមរយៈការសិក្សាពីឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់យុទ្ធសាស្រ្ត ទំនួលខុសត្រូវសង្គមដើម្បីបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានសិទ្ធសម្រេចបង្កើតឥទ្ធិពលក្នុងការរៀបចំគោលនយោបាយ និងសាងកេរ្ត៍ឈ្មោះរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនថ្នាំជក់ក៏បានប្រើប្រាស់កម្មវិធីជួយសង្គម ដើម្បីបង្កើនទំនុកចិត្ត បង្កើនប្រាក់ចំណេញ និងរារាំងការអនុវត្តគោលនយោបាយការពារសុខភាពប្រកបដោយប្រសិទ្ធភាព។

ក្រុមមេធាវី អេស ខេ & ភីកម្ពុជា (SK&P Cambodia Law Group) បានឲ្យតម្លៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងរបស់ក្រសួងថា “សេចក្តីណែនាំនេះមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជាដែលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីបង្ការកុំឲ្យមានការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់ ទៅក្នុងកិច្ចខិតខំប្រឹងប្រែងលើកកំពស់សុខភាពប្រជាពលរដ្ឋកម្ពុជា” ។

យោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ ការប្រើប្រាស់ថ្នាំជក់ជាកត្តាចំបងមួយនៃការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ ប្រមាណ ១៥០០០នាក់ក្នុងមួយឆ្នាំៗ ហើយថវិកាប្រមាណ៦៤៩លានដុល្លារត្រូវបានខាតបង់៕

To Top