បរទេស៖មន្ត្រីចិន នៅថ្ងៃចន្ទនេះ បាននិយាយថា ក្រុមហ៊ុនស៊ុយអែត H&M និងក្រុមហ៊ុនបរទេសផ្សេងទៀត មិនគួរចូលទៅពាក់ព័ន្ធក្នុងរឿងនយោបាយ ក្រោយក្រុមហ៊ុនទាំងនោះ លើកឡើងពីក្តីព្រួយបារម្ភ ស្តីពីការបង្ខំធ្វើពលកម្មនៅក្នុងតំបន់ស៊ីនជាំង។
ក្រុមហ៊ុន H&M ក្រុមហ៊ុន Burberry ក្រុមហ៊ុន Nike ក្រុមហ៊ុន Adidas និងក្រុមហ៊ុនលោកខាងលិចផ្សេងទៀត បានរង់ផលប៉ះពាល់ ដោយសារតែការធ្វើពហិការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ចាប់តាំងពីសប្ដាហ៍មុន ជុំវិញការបញ្ចេញមតិស្តីពីប្រភពកប្បាសរបស់ពួកគេ នៅក្នុងតំបន់ស៊ីនជាំង។
នៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃចន្ទនេះ លោក Xu Guixiang ជាមន្ត្រីនាំពាក្យរដ្ឋាភិបាលតំបន់ស៊ីនជាំងមួយរូបបាននិយាយប្រាប់ថា “ខ្ញុំមិនគិតថា ក្រុមហ៊ុនគួរតែប្រើប្រាស់ឥរិយាបថសេដ្ឋកិច្ចឲ្យមានលក្ខណៈបែបនយោបាយនោះទេ។ តើក្រុមហ៊ុន H&M អាចបន្តរកប្រាក់នៅក្នុងទីផ្សារប្រទេសចិនទេ? គ្មានទៀតទេ”៕
គួរបញ្ជាក់ថា ជម្លោះដែលកំពុងកើនកម្តៅនេះ បានកើតមានស្របពេលដែលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលប្រទេសលោកខាងលិចផ្សេងទៀត បានបង្កើនសម្ពាធលើប្រទេសចិន ជុំវិញការរំលោភបំពានសិទិ្ធមនុស្សនៅក្នុងតំបន់៕