ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ បូ រី ដែលបង្ហោះរូបភាពសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីកម្ពុជាដោយបាន សរសេរខ្លឹមសារភ្ជាប់នៅលើរូបភាព ក្នុងន័យជេរប្រមាថមាក់ងាយ យ៉ាងធ្ងន់ធ្ងរដល់សម្តេចត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ អនុវត្តតាមផ្លូវច្បាប់ហើយ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ។ នេះបើតាមការផ្សាយរបស់ ស្នងការនគរបាលខេត្តបាត់ដំបង។

ម្ចាស់គណនីហ្វេសប៊ុកនេះ មានឈ្មោះពិតគឺ ហួន បូរី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយបានសរសេរបង្ហោះកាលពីថ្ងៃ២៩ មីនា ក្រោយសរសេរបានប៉ុន្មានម៉ោង ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ស្រាវជ្រាវឃើញនិងសួរនាំ រហូតដល់ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសនេះបានសារភាពថា ខ្លួនពិតជាបាន ប្រើប្រាស់រូបភាពនិងសរសេរខ្លឹមសារ ប្រមាថមាក់ងាយចំពោះសម្តេចតេជោ ប្រាកដមែន ។
សមត្ថកិច្ចនគរបាលរៀបចំ សំណុំរឿងបញ្ជូនបុរសជា ម្ចាស់គណនីហ្វេសប៊ុកខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕
