នយោបាយ

វិភាគ ៖ អ៊ីរ៉ង់​ ជាច្រកទ្វារ ​សម្រាប់ចិន គ្រប់គ្រងតំបន់មជ្ឈិមបូព៌ា ទាំងសេដ្ឋកិច្ច និង នយោបាយ

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែមីនានេះ អំពីមហិច្ឆិតា របស់ប្រទេសចិន ក្នុងការច្បាម យកតំបន់មជ្ឈិមបូព៌ាទាំងមូល នៅពេលខាងមុខ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និង សន្តិសុខ យ៉ាងយូរបំផុតរយៈពេល២៥ឆ្នាំទៀត ។

CNBC បានអោយដឹងថា អ៊ីរ៉ង់ជាប្រទេសច្រកទ្វារដ៏សំខាន់ របស់ប្រទេសចិន ក្នុងការវាយលុកចូល ក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទាំងពីរ ទាំងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងសន្តិសុខ ។

ប្រទេសចិន បានបង្កើនបរិមាណទឹកប្រាក់ពាណិជ្ជកម្ម កាន់តែច្រើន រហូតដល់រាប់ម៉ឺនលានដុល្លារអាមេរិក ជាមួយប្រទេសអ៊ីរ៉ង់ បង្កើនកិច្ចសហប្រតិបត្តិការ កាន់តែគ្រប់ជ្រុងជ្រោយ ស្ទើរគ្រប់វិស័យ និងថែមទាំង រក្សាវត្តមានកងទ័ព របស់ខ្លួននៅលើទឹកដី អ៊ីរ៉ង់ថែមទៀត ក្នុងហេតុផលការពារ ក្រុមវិនិយោគិនរបស់ប្រទេសចិន នៅលើទឹកដីអ៊ីរ៉ង់ ។

ឧទាហរណ៍ជាក់ស្តែងចុងក្រោយគេ ដែលថាចិនយកអ៊ីរ៉ង់ជាច្រកទ្វារ គ្រប់គ្រងតំបន់មជ្ឈិមបូព៌ា គឺកាលពីថ្ងៃសៅរ៍ ទី២៧ ខែមីនានេះ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានរយៈពេល២៥ឆ្នាំ ។

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថា កិច្ចព្រមព្រៀង រវាងចិន និងអ៊ីរ៉ង់នេះ គឺផ្តោតលើកិច្ច សហប្រតិបត្តិការយុទ្ធសាស្ត្រ និងពាណិជ្ជកម្ម ដែលប្រទេសទាំងពីរ បានចរចារយៈពេល៥ឆ្នាំកន្លងមកហើយ ។
ក្នុងកិច្ចព្រមព្រៀងរយៈពេល២៥ឆ្នាំនោះ ប្រទេសចិន នឹងមានប្រភពប្រេង និងឧស្ម័នប្រាកដប្រជាមួយ ដែលមានតម្លៃសមរម្យ និងក្នុងបរិមាណគ្មានកំណត់ ឬអាចនិយាយបានថា ចិនជាអតិថិជនអាទិភាព ដែលអាចទិញប្រេង និងឧស្ម័នពីប្រទេសអ៊ីរ៉ង់ បានគ្រប់កាលៈទេសៈ និងមានតម្លៃថោកជាងគេបំផុត ។
មន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា នៅក្នុងកិច្ចព្រមព្រៀង នោះ ប្រទេសចិនបានបោះ ទុនវិនិយោគ ជាទឹកប្រាក់ ប្រមាណ៤០០ពាន់ លានដុល្លារអាមេរិក ដោយផ្តោតសំខាន់ទៅលើការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងទូរគមនាគមន៍ និងសេវាកម្មដឹកជញ្ជូន ។
ទន្ទឹមគ្នានេះ ប្រទេសចិន ក៏មានគម្រោងនឹងដាក់ពង្រាយកងកម្លាំងយោធា របស់ខ្លួននៅលើទឹកដីអ៊ីរ៉ង់ផងដែរ ក្នុងគោលដៅការពារនាវាពាណិជ្ជកម្ម និងការពារក្រុមវិនិយោគិន របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ និងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។

សូមបញ្ជាក់ជូនថា ប្រទេសចិន មិនមែនមានកិច្ចព្រមព្រៀង តែជាមួយប្រទេសអ៊ីរ៉ង់នោះទេ សូម្បីប្រទេសផ្សេងទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល មានប្រទេស អារ៉ាប៊ី សាអ៊ូឌីត និងកាតាជាដើម ក៏ប្រទេសចិនមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មដែរ ។ ដូចជាការទិញប្រេងឥន្ធនៈ និងឧស្ម័នជាដើម ប្រទេសចិនមានកិច្ចព្រមព្រៀង ទិញពីប្រទេសនានា នៅក្នុងតំបន់មជ្ឈិមបូព៌ា ស្ទើរតែគ្រប់ប្រទេស ប៉ុន្តែអ៊ីរ៉ង់ មានលក្ខណៈពិសេសជាងគេនៅត្រង់ថា ចិនមិនត្រឹមតែមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មទេ ថែមទាំងមានទាំងកងកម្លាំងយោធា ដែលត្រូវបានរក្សាវត្តមាន នៅលើទឹកដីអ៊ីរ៉ងថែមទៀត ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ បានស្គាល់នូវការធ្លាក់ចុះ ទៅក្នុងកម្រិតទាប ចាប់តាំងពីឆ្នាំ២០១៨កន្លងមក ក្រោយពីអតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។

លោក ត្រាំ មិនត្រឹមតែដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរនោះទេ អតីតប្រធានាធិបតីរូបនេះ ថែមទាំងដាក់ទណ្ឌកម្ម គ្រប់យ៉ាងលើប្រទេសអ៊ីរ៉ង់ សាជាថ្មី ដែលនាំអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ។

ប្រទេសចិន គឺជាខ្នងបង្អែកយ៉ាងសំខាន់ សម្រាប់ជ្រោងស្ទួយសេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈដែលប្រទេសនេះ កំពុងទទួលរងសម្ពាធពីទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលកាលពីឆ្នាំ២០១៤កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងចិន និងអ៊ីរ៉ង់ មានតម្លៃទឹកប្រាក់ ៥១៨០០លានដុល្លារអាមេរិក ប៉ុន្តែបានធ្លាក់ចុះ មកនៅត្រឹម១៦០០០លានដុល្លារ អាមេរិកវិញ នៅឆ្នាំ២០២០ ។

ដើមចមនាំអោយកើតរឿង

ប្រព័ន្ធផ្សព្វផ្សាយ Straits Times បានចុះផ្សាយថា ដើមចម ដែលនាំអោយមហាអំណាចចិន ព្យាយាមពង្រីកច្រកប្រទេសអ៊ីរ៉ង់ កាន់តែធំទូលាយ គឺដោយសារមហាអំណាច អាស៊ីមួយនេះ មានគោលដៅវាយលុកចូលច្បាម យកតំបន់មជ្ឈិមបូព៌ាទាំងមូល នៅពេលខាងមុខ ។

ចិនជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុត របស់អ៊ីរ៉ង់ រួចជាស្រេចទៅហើយ ប៉ុន្តែចិននៅតែបន្តបោះទុនទឹកប្រាក់វិនិយោគ កាន់តែច្រើនថែមទៀត ក្នុងបំណងពង្រីកឥទ្ធិពល ទៅកាន់ប្រទេសនានានៅក្នុងតំបន់ មានប្រទេសអ៊ីរ៉ាក់ លីបង់ អូម៉ង់ និងកាតាជាដើម ។

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ បានលើកឡើងថា យ៉ាងយូរកន្លះទសវត្សរ៍ ខាងមុខនេះ តំបន់មជ្ឈិមបូព៌ា នឹងក្រឡាប់ចាក់នៅក្រោមឥទ្ធិពល របស់ប្រទេសចិន ហើយឥទ្ធិពល របស់សហរដ្ឋអាមេរិកនៅតំបន់នេះ នឹងចុះថយជាបន្តបន្ទាប់ ។

ចិននឹងយកអ៊ីរ៉ង់ ជាគំរូសម្រាប់ប្រទេសផ្សេងទៀត ក្នុងតំបន់ ដែលមានស្ថិរភាពសន្តិសុខ នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការទូត ដែលហ៊ានប្រឈមមុខ ជាមួយសហរដ្ឋអាមេរិក ដោយមិនញញើត ចំពោះទណ្ឌកម្ម ឬការគាបសង្កត់ណាមួយ ៕

ដោយ ៖ អ៊ី ជិន

To Top