ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា មិនឲ្យពលរដ្ឋ ចេញក្រៅផ្ទះ បើគ្មានការចាំបាច់ នាឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខនេះ ដែលប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានស្នើកុំឲ្យប្រជាពលរដ្ឋ ចេញពីក្រៅផ្ទះ បើគ្មានការចាំបាច់ ដើម្បីចូលរួមទប់ ស្កាត់ជំងឺកូវីដ១៩ ។

ការស្នើរបស់រាជរដ្ឋាភិបាលនេះ ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកដល់ថ្ងៃទី៣១ មីនានេះ ហើយនៅតែមិនទាន់ធូរស្រាលនៅឡើយ ។

យោងតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលស្តីពីវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩នាថ្ងៃចូលឆ្នាំខ្មែរ ចេញផ្សាយនាថ្ងៃ៣១ មីនានេះបានឲ្យដឹងថា “សូមនៅជួបជុំក្រុមគ្រួសារ តាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរ ចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់រាជធានី -ខេត្ត”។

ជាមួយគ្នានេះ ត្រូវចៀសវាងនូវការធ្វើដំណើរ មិនចាំបាច់ទៅកាន់ ឬចេញ-ចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ។ ជាពិសេសចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។

ក្នុងនោះត្រូវចូលរួមអនុវត្ត វិធានការ ៣ ការពារ និង ៣ កុំ ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្លួន និងគ្រប់ៗគ្នា។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀត ដល់ក្រុមហ៊ុន និងអាជីវករដឹក ជញ្ជូន អ្នកដំណើរគ្រប់ប្រភេទ មិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូន អ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់ អនុវត្តវិធានការ សុខាភិបាល សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន ចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ៣១ មីនា កម្ពុជាមានអ្នកឆ្លង សរុបចំនួន២៤៤០ នាក់អ្នកជាសះស្បើយ ចំនួន១១៩១ នាក់ អ្នកកំពុងព្យាបាលចំនួន១២៣៤ នាក់ និងអ្នកស្លាប់ចំនួន១១ នាក់ ៕

To Top