នយោបាយ

អតីតមន្ដ្រី ជាន់ខ្ពស់-យុវជន របស់អតីតគណបក្ស សង្រ្គោះជាតិ សុំចូលរួម ជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ៖ អតីតមន្ដ្រីជាន់ខ្ពស់ របស់អតីតគណបក្ស សង្គ្រោះជាតិម្នាក់ ដែលមានតួនាទី ជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាល ខុទ្ទកាល័យ លោក សម រង្ស៉ី បូករួមជាមួយមនុស្ស ២នាក់ទៀត ជាអតីតយុវជន របស់អតីតបក្សនេះ បានប្រកាស សុំចូលរួម ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ 

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកគណកម្មាធិការកណ្ដាល គណបក្រប្រជាជនកម្ពុជា និងជាអុនប្រធាន គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសពិធីប្រកាសបញ្ចូល សមាជិកគណបក្ស ប្រជាជនជនកម្ពុជាថ្មី ទាំងប៉ុន្មានរូបនេះ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

លោក ឃួង ស្រេង បានលើកឡើងថា អតីតមន្ដ្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ ឃាន វិសេស អាយុ៣២ឆ្នាំ ដែលកាល នៅគណបក្សសង្គ្រោះជាតិមានតួនាទីជា ជំនួយការ លោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ លោក សម រង្ស៉ី។ទី២៖ ឈ្មោះ សៅ ឧសភា អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សសង្គ្រោះជាតិ និងជាអនុប្រធាន យុវជនស្រុកព្រៃនប់ ។ ទី៣៖ ឈ្មោះ យូ ច័ន្ទធានី អាយុ២៧ឆ្នាំ អតីតយុវជនគណបក្សគណបក្ស និងជាអតីតសមាជិកក្រុមហ្វេសប៊ុក សម រង្ស៊ី។

លោកអភិបាល បានបញ្ជាក់ផងដែរថា ការដែលពួកគេស្ម័គ្រចិត្តចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺគិតបានត្រឹមត្រូវហើយ ព្រោះគណ បក្សប្រជាជនកម្ពុជា មិនត្រឹមតែ បានរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍ ប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះថែមទៀត។ 

លោកឃួង ស្រេង បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូល ក្នុងការបង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ឋិផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍ ដែលកើតឡើង ដោយការខិតខំប្រឹងប្រែង របស់ឥស្សរជនគណបក្សប្រជាជនកម្ពុជា។

ជាងនេះទៅទៀត ខណៈប្រទេសជាតិ កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយជំងឺកូវីដ-១៩នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីទិញវ៉ាក់សាំង មកចាក់ការពារជំងឺ-១៩ ដល់ជូនប្រជាពលរដ្ឋថែមទៀត។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេងបានមានប្រសាសន៍ថា សម្រាប់ការបង្ការ ទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចហើយ នូវអង្ករ ប្រមាណ១០ម៉ឺនតោន ដើម្បីទុកចែកជូន ប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋ ងាយរងគ្រោះ ក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវី-១៩ ៕

To Top